ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និងហ្វីលីពីន ជួបពិភាក្សាគ្នាស្តីពីការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

វៀតណាមៈ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នា ជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃសៅរ៍ ស្តីពីការពង្រឹងចំណងទាក់ទងទ្វេភាគី នៅក្រៅកិច្ចប្រជុំ វេទិកា​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៧។

លោក ស៊ី បាននិយាយថា «ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Duterte ទៅកាន់ប្រទេសចិន នៅក្នុងខែតុលា កាលពីឆ្នាំមុនកន្លងទៅ បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរបើកនូវទំព័រថ្មី»។

ដោយកិច្ចសហប្រតិបត្តិការរវាងចិន និងហ្វីលីពីន បានពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនទាំងពីរ។

ក្នុងនោះលោក ស៊ី បានបន្ថែមថា ប្រទេសជិតខាងល្អ និងមានភាពស្និទ្ធស្នាលគ្នា ដែលជាទិសដៅដ៏ត្រឹមត្រូវនាំឲ្យចិន និងហ្វីលីពីន មានឆន្ទៈរួមគ្នា ដើម្បីបន្តពិចារណាលើទំនាក់ទំនងទ្វេភាគី ជុំវិញទស្សនវិស័យ ជាយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនទាំងពីរ៕

មតិយោបល់