កូរ៉េៈ ក្រុងព្យុងយ៉ាង បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា កំពុងចាប់ផ្ដើមសង្គ្រាមនុយក្លេអ៊ែរ ស្របពេលដំណើរទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៊ី។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការចោទប្រកាន់នេះ បានកើតឡើងចំពេលដែលក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមធ្វើសមយុទ្ធនាវាចម្បាំងផ្ទុកយន្តហោះដ៏កម្ររបស់ខ្លួន នៅដែនសមុទ្រ ក្នុងតំបន់ប៉ាស៊ីហ្វិក ជាមួយកូរ៉េខាងត្បូង និងជប៉ុន។
ដោយនៅក្នុងដំណើរទស្សនកិច្ចនៅអាស៊ីរយៈពេល ១២ ថ្ងៃរបស់លោក ត្រាំ បានផ្តោតសំខាន់ទៅលើការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលបានកើតឡើងក្រោយពីការធ្វើតេស្តនុយក្លេអ៊ែរលើកទី ៦ ពីសំណាក់ក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ ក្នុងនោះលោក ត្រាំ ក៏បានធ្វើដំណើរទៅកាន់តំបន់ ដែលយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធកងទ័ពជើងរួមគ្នាដ៏ធំ នៅប៉ាស៊ីហ្វិកផងដែរ។
សូមជំរាបថា កាលពីថ្ងៃសៅរ៍កូរ៉េខាងជើង បានធ្វើការប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ផងដែរ ដោយលើកទ្បើងថា ជាដំណើរទស្សនកិច្ចដ៏ក្តៅគគុក ពាក់ព័ន្ធនឹងការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានចោទប្រកាន់ចេតនាលោក ត្រាំ ថា កំពុងបំផ្លាញសន្តិភាព និងស្ថិរភាពពិភពលោក ដែលនាំឲ្យមានសង្គ្រាមនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ៕
មតិយោបល់