ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សកាន់អំណាច នៅហ្សីមបាវេ ជំរុញឲ្យប្រធា​នាធិបតីវ័យចំណាស់ និងកាន់អំណាចជាង ៣០ ឆ្នាំ ចុះចេញពីតំណែង

ហ្សីមបាវេៈ ពួក​មេដឹកនាំ​គណបក្ស ZANU-PF ដែល​កំពុង​កាន់អំណាច​នៅប្រទេស​ហ្សីមបាវេ បានចូលរួមក្នុងការអំពាវនាវ កាន់តែខ្លាំងក្លាឡើង ដើម្បីឲ្យប្រធានាធិបតីលោក រ៉ូប៊ឺត មួហ្គាបេ លាលែងចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ចលនាផ្លាស់ប្ដូរនេះ ត្រូវបានធ្វើឡើងនៅរដ្ឋធានីហារ៉ារ៉េ នាថ្ងៃសៅរ៍នេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ពួកយោធា ដែលបានចូលមកគ្រប់គ្រងក្នុងប្រទេស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

រហូតមកដល់ពេលនេះ សូម្បីតែអតីតយុទ្ធជនធ្វើសង្គ្រាម ដែលមានភក្ដីភាពស្មោះត្រង់ ចំពោះប្រធានាធិបតីវ័យ ៩៣ ឆ្នាំរូបនេះ ក៏ដូចជាក្រុមសេរីនិយម ក៏បានជំរុញឲ្យលោក មួហ្គាបេ បោះបង់ចោលអំណាចផងដែរ។

​សូមជំរាថា លោក មួ​ហ្គា​បេ ដែលជា​ប្រមុខរដ្ឋ​ចាស់​ជាងគេ​នៅលើ​ពិភពលោក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​វិច្ឆិកា ​បាន​បដិសេធ​មិន​ព្រមលាលែងចេញ​ពី​តំណែងនោះ​ទេ នៅអំឡុង​កិច្ចប្រជុំ​មួយ ជាមួយ​មេបញ្ជាការ​ស៊ីម​បា​វ៉េ​លោក ខុន​ស្តា​នទី​ណូ ឈី​វេន​ហ្គា និង​ប្រេសិត​ទូត​អាហ្វ្រិក​ខាងត្បូង ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​យោធា​បាន​ដណ្ដើមយក​ការគ្រប់គ្រង​ពី​រដ្ឋាភិបាល​៕

មតិយោបល់