ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅប្រេស៊ីលអ្នកទោសជាង ១៥០ នាក់ បានហែកគុកចេញ

ប្រេស៊ីលៈ យ៉ាងហោចណាស់អ្នកទោសជាប់ឃុំចំនួន ១៥០ នាក់ បានហែកគុកដើម្បីរត់គេចខ្លួនចេញពីពន្ធនាគារមួយ កាលពីថ្ងៃអង្គារ នៅទីក្រុង Bauru ភាគខាងត្បូងរដ្ឋសៅប៉ូឡូ ក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីកុបកម្មមួយ បានដុតបំផ្លាញផ្នែកមួយចំនួននៃពន្ធនាគារ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងាររដ្ឋបាលពន្ធនាគាររបស់រដ្ឋ បានឲ្យដឹងថា ប៉ូលិស បានទទួលជោគជ័យ ក្នុងការតាមចាប់អ្នកទោសហែកគុកប្រហែល ១០០ នាក់មកវិញ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ប៉ូលិសយោធាលោក Col. Flavio Kitazume បាននិយាយថា កុប្បកម្មនេះ គឺវាមិនជាប់ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុហិង្សាកាលពីពេលថ្មីៗ នៅពន្ធនាគារផ្សេងៗទៀត ក្នុងប្រទេសនោះទេ។

ចាប់តាំងពីដើមឆ្នាំនេះ អ្នកទោសជាង ១៣០នាក់ហើយ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នានៅពន្ធនាគារ ដែលខាងអាជ្ញាធរ បានបន្ទោសទៅលើឧក្រិដ្ឋកម្មរៀបចំទុក ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ បានបន្ទោសថា មកពីនៅក្នុងពន្ធនាគារ ផ្ទុកអ្នកទោសលើសកំណត់។

គួរបញ្ជាក់ដែរថា ពន្ធនាគារនៅទីក្រុង Bauru មិនសូវមានទោសកកកុញដូចជាពន្ធនាគារផ្សេងទៀត ក្នុងប្រទេសនោះទេ ព្រោះបើយោងតាមទីភ្នាក់ងារសាធារណៈ Agencia Brasil បានឲ្យដឹងថា ពន្ធនាគារនេះ អាចផ្ទុកអ្នកទោសបានចំនួន ១.៤២៧ នាក់ ហើយបច្ចុប្បន្នមានអ្នកទោសឃុំខ្លួន ១.១២៤ តែប៉ុណ្ណោះ៕

មតិយោបល់