ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ ខែធ្នូនេះ ប្រទេសកម្ពុជានឹងបើកព្រឹត្តិការណ៍មហោស្រពភាពយន្តប្រចាំឆ្នាំរបស់ខ្លួនជាលើកទី៥ ដោយកំណត់ឲ្យភាពយន្តខ្មែរតែចំនួន១៤រឿងប៉ុណ្ណោះ ធ្វើការប្រកួតប្រជែងគ្នា។
ក្នុងចំណោមភាពយន្តល្អៗដែលបានផលិតទាំងនោះគេកត់សម្គាល់ថាភាពយន្តចំនួន៤ គឺជាការចែកចាយដោយផ្ទាល់របស់ក្រុមហ៊ុនពូព្រហ្ម ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភាពយន្តធំមួយនៅតាមរោងកុន។
យោងតាមការប្រកាសរបស់នាយកដ្ឋានផ្សព្វផ្សាយសិល្បភាពយន្ត និងវប្បធម៌ បានអះអាងថាដើម្បីប្រារព្ធព្រឹត្តិការណ៍មហោស្រពភាពយន្តប្រចាំឆ្នាំ២០១៧នៅដើមខែធ្នូខាងមុខនេះ នាយកដ្ឋានភាពយន្ត នឹងកំណត់ឲ្យភាពយន្តខ្មែរដែលនាយកដ្ឋានជ្រើសរើសចំនួនបានចំនួន១៤នាក់ ដាក់បញ្ចាំងនៅគ្រប់រោងកុនដាក់បញ្ចាំងទស្សនាដោយឥតគិតថ្លៃ ដោយភាពយន្តទាំំង១៤ក៏ត្រូវបានគណកម្មការវាយតម្លៃដើម្បីកំណត់ថាភាពយន្តណាមួយទទួលបានចំណាត់ថ្នាក់ល្អជាងគេនោះផងដែរ។
ក្នុងចំណោមភាពយន្តដែលជម្រើសបានគេកត់សម្គាល់ថាមានភាពយន្តចំនួន៤ជាភាពយន្តដែលត្រូវគេស្គាល់ថាជាភាពយន្តដែលបានចែកចាយរបស់ក្រុមហ៊ុនពូព្រហ្ម។ ភាពយន្តទាំងនោះរួមមាន រឿង«ប៉ុបពីទៅហូលីវូដ» ដែលជាភាពយន្តផ្ទុះក្នុងពេលដាក់បញ្ចាំងក្រោមការដឹកនាំរបស់លោក សុខ វិសាល ភាពយន្តរឿង«វិកលចរិត» ដែលជាភាពយន្តដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង រឿង«Jailbreak ការពារឧក្រិដ្ឋជន» ដែលជាភាពយន្តមានការគាំទ្រយ៉ាងពេញទំហឹងក្នុងពេលដាក់បញ្ចាំង ជាស្នាដៃរបស់លោក ជីមី ហែនឌ័រសុន និងភាពយន្តរឿង«មន្តស្នេហ៍លេខា»របស់ផលិតកម្មមហាហង្ស ដែលជាការដឹកនាំផលិតដោយ លោក សាស្រ្តាចារ្យ អ៊ុ វុឌ្ឍី។
លោក ប៉ុក បូរក្ស ប្រធានស្តីទីនៃនាយកដ្ឋានផ្សពផ្សាយសិល្បភាពយន្ត និងវប្បធម៌ បានលើកឡើងថា«មហោស្រពភាពយន្តជាតិលើកទី៥ ប្រចាំឆ្នាំ២០១៧នេះ មិនគ្រាន់តែជាព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃភាពយន្ត ដើម្បីយកពានរង្វាន់ប៉ុណ្ណោះទេ។
ប៉ុន្តែនេះក៏ជាវេទិកាសិក្សាស្វែងយល់ ក្នុងន័យវាស់ស្ទង់ពី គុណភាពរបស់ភាពយន្ត និងការរំលែកបទពិសោធន៍ ដើម្បីធ្វើឲ្យការផលិតភាពយន្តនៅកម្ពុជាកាន់តែមានទំនាក់ទំនងគ្នា និងធ្វើឲ្យមានការគុណភាពពេញលេញ។ លោកថាតាមរយៈការការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ ពិតជាធ្វើអោយស្នាដៃរបស់ផលិតករមួយរួប នឹងលេចធ្លោក្នុងនាមជាភាពយន្តល្អប្រចាំឆ្នាំ ហើយក៏ផ្ដល់បទពិសោធន៍ឲ្យផលិតករដែលបានចូលរួមប្រកួតប្រជែង និងមិនបានប្រកួតប្រជែង មានការយល់ដឹងពីទម្រង់គុណភាពយន្តភាពយន្តដើម្បីលើកម្ពស់ភាពយន្តរបស់ខ្លួនផងដែរ។
លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន«ពូព្រហ្ម»ដែលជាក្រុមហ៊ុនចែកចាយភាពយន្តបានអះអាងថា ការទទួលយកតែ៤រឿងដែលពូព្រហ្មធ្វើការចែកចាយកន្លងមក មិនមានន័យថាភាពយន្តដែលពូព្រហ្មចែកចាយផ្សេងទៀតមិនមានគុណភាពនោះទេ ប៉ុន្តែបង្ហាញយ៉ាងច្បាស់ថាភាពយន្តទាំង៤ដែលបានចូលរួមក្នុងមហោស្រពភាពយន្ត គឺភាពយន្តដែលមានគុណភាពស្តង់ដារជាតិ និងអន្តរជាតិពេញលេញ ទើបត្រូវបានគណកម្មការជ្រើសរើសឲ្យចូលប្រកួត។ លោកថាការទទួលឱកាសចូលរួម គឺបង្ហាញយ៉ាងច្បាស់ថាភាពយន្តដែលចែកចាយដោយពូព្រហ្ម ជាប្រភេទរឿងដែលក្រៅពីជោគជ័យក្នុងពេលដាក់បញ្ចាំងហើយ ក៏មានស្ដង់ដារគ្រប់គ្រាន់ទៅទៀត។
យ៉ាងណាមិញ លោកមិនទាន់ប្រាកដថាភាពយន្តទាំង៤នឹងក្លាយជាភាពយន្តជ័យលាភីក្រោយប្រកាសលទ្ធផលនោះទេ ក្នុងពេលដែលភាពយន្ត១០ផ្សេងទៀតក៏មានគុណភាពមិនធម្មតាផងដែរ។ លោកថាក្នុងចំណោមភាពយន្តទាំង១៤ នឹងត្រូវគណកម្មការជ្រើសយកតែ៨រឿងប៉ុណ្ណោះ ដើម្បីបន្តការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដោយលោកបានបង្ហើបឲ្យដឹងថាក្នុងចំណោមរឿងដែលពូព្រហ្មចែកចាយទាំង៤ គឺពិតជាមានរឿងមួយទទួលបានចំណាត់ថ្នាក់ល្អ។ លោកថា ក្រុមហ៊ុនពូព្រហ្ម មានឈ្មោះពេញថា PuPrum Entertainment ដោយក្រៅពីចែកចាយរឿងតាមរោងកុនដែលជាប្រភេទរឿងខ្មែរល្បីៗទៅលើឆាកអន្តរជាតិផង ក៏មាននាទីចាត់ចែងសិទ្ធិក្នុងការដាក់បញ្ចាំងរឿងតាមទូរទស្សន៍ លើអនឡាញ និងជាវីឌីអូ តម្រូវការរបស់របស់អ្នកគាំទ្រ៕
មតិយោបល់