ព័ត៌មានអន្តរជាតិ

លោក Duterte ប្រកាសបទឈប់បាញ់គ្នា ជាមួយពួកឧទ្ទាមឆ្វេងនិយម ក្នុងអំទ្បុងរដូវកាលឈប់សម្រាក

ហ្វីលីពីនៈ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសបទឈប់បាញ់ជាឯកតោភាគី ជាមួយពួកឧទ្ទាមឆ្វេងនិយម ចាប់ពីថ្ងៃទី ២៤ ខែធ្នូដល់ថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ នៅអំទ្បុងពេលធ្វើពិធីបុណ្យនារដូវកាលថ្ងៃឈប់សម្រាក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Roque បាននិយាយសំដៅទៅគណបក្សកុម្មុយនិស្តហ្វីលីពីនថា «ការឈប់បាញ់គ្នាដោយឯកតោភាគីនេះ នឹងជួយកាត់បន្ថយការចាប់អារម្មណ៍របស់សាធារណជន នៅរដូវបុណ្យគ្រីស្ទម៉ាស់ ហើយក្នុងនោះលោកក៏បានរំពឹងទុកថា ពួកឧទ្ទាមឆ្វេងនិយម នឹងធ្វើឥរិយាបថស្រដៀងគ្នា ទៅនឹងសុឆន្ទៈរបស់រដ្ឋាភិបាលផងដែរ។

លោក Roque បានបន្ថែមថា «នៅក្នុងការប្រារព្ធពិធីនេះ យើងសង្ឃឹមថា ប្រជាជនហ្វីលីពីនទាំងអស់ នឹងឈរជាមួយគ្នាជាប្រជាជាតិតែមួយ ហើយមានក្ដីប្រាថ្នាដូចគ្នា គឺចង់បានសន្តិភាព នៅក្នុងប្រទេសជាទីស្រឡាញ់របស់យើង» ។

គួររំឭកថា រដ្ឋបាលលោក Duterte បានសម្រេចលុបចោលកិច្ចចរចាសន្តិភាព ជាមួយពួកឧទ្ទាមឆ្វេងនិយម នៅក្នុងប្រទេស កាលពីខែវិច្ឆិកាកន្លងទៅ៕

មតិយោបល់