តួកគីៈ មេដឹកនាំប្រទេសតួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន ក៏ដូចជាបណ្ដាលប្រទេសម៉ូស្លីមដទៃទៀត ដោយបានលើកទ្បើងថា ក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល កំពុងមានបំណងចង់ដណ្តើមយកធនធានធម្មជាតិរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
កាលពីថ្ងៃសុក្រ លោក Erdogan បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងអ៊ីស្តង់ប៊ុលថា រដ្ឋាភិបាលខ្លួន មិនអាចទទួលយកបាននោះទេ ខណៈដែលប្រទេសមួយចំនួន រួមមានអាមេរិក និងអ៊ីស្រាអែលជាដើម បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងប៉ាគីស្ថាន។
ការលើកទ្បើងរបស់លោក បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានធ្វើការប្រឆាំងនឹងរបបអ៊ីរ៉ង់ ដោយបានសរសេរនៅលើប្រព័ន្ធ Twitter ថា «មេដឹកនាំអ៊ីរ៉ង់ បានប្រព្រឹត្តអំពើឃោរឃៅ និងពុករលួយ»។
ពាក់ព័ន្ធនឹងការចោទនេះ លោក Erdogan មិនបានបញ្ជាក់លម្អិតពីជ្រៀតជ្រែកអ្វីរបស់ក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែទំនងជាមកពីការសម្រេចចិត្តរបស់អាមេរិក ក្នុងការផ្អាកផ្តល់មូលនិធិសន្តិសុខដល់ប្រទេសប៉ាគីស្ថាន ដោយចោទប្រកាន់រដ្ឋមួយនេះថា បានផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធតាលីបង់ និងពុំមានចំណាត់ការប្រឆាំងនឹងអំពើភេរវកម្មទ្បើយ។
ក្នុងនោះលោកបានអះអាងថា ការជ្រៀតជ្រែករបស់អាមេរិក និងអ៊ីស្រាអ៊ែល គោលបំណងជាចម្បងរបស់ពួកគេ គឺដើម្បីទទួលបានទ្រព្យសម្បត្តិក្រោមដី ដែលមាននៅពាសពេញប្រទេសទាំងអស់នោះ៕
មតិយោបល់