ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកនៅទីតាំងពួកឧទ្ទាម នៅទីក្រុងស៊ីរី សម្លាប់មនុស្ស ១៨ នាក់

ស៊ីរី: ក្រុមអ្នកឃ្លាំមើលក្នុងប្រទេស បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការផ្ទុះគ្រាប់បែកមួយ ដែលបានតម្រង់គោលដៅ ទៅលើទីតាំងក្រុមឧទ្ទាម នៅភាគពាយព្យខេត្តនៃទីក្រុង Idlib ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។

រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បានបើកទៅបំផ្ទុះនៅទីតាំង Agnad al-Caucaus របស់ពួកឧទ្ទាម ដែលក្នុងចំណោមអ្នកស្លាប់ និងរងរបួសទាំងនោះ ក៏មានជនស៊ីវិលផងដែរ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា វាជាការផ្ទុះដ៏ធំបំផុត ខណ:កើតហេតុភ្លាមៗ គេនៅពុំទាន់ដឹងលម្អិតទេថា តើមានតួលេខជនស៊ីវិលប៉ុន្មាននាក់ បានស្លាប់ក្នុងចំណោមពួកសកម្មប្រយុទ្ធទាំងនោះ។

សូមជំរាបថា កងទ័ពស៊ីរី បានធ្វើការវាយលុកទ្រង់ទ្រាយធំ នៅតំបន់ដាច់ស្រយាលភាគខាងត្បូងនៃទីក្រុង Idlib ដោយបានដណ្ដើមយកទីក្រុង និងភូមិរាប់សិបពីពួកឧទ្ទាម ក្នុងរយ:ពេលពីរខែចុងក្រោយនេះ៕

មតិយោបល់