ព័ត៌មានអន្តរជាតិ

ក្ដុកក្ដួល! ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងកូរ៉ូណានៅចិន កើនទ្បើងលើសពី ១,០០០ នាក់ហើយ

ចិនៈ នៅថ្ងៃអង្គារនេះ តួលេខអ្នកស្លាប់ ដោយសារការឆ្លងរាលដាល នៃវីរុសថ្មី កូរ៉ូណា នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ១,០១៦ នាក់ហើយ បន្ទាប់ពីមានករណីអ្នកស្លាប់ថ្មីចំនួន ១០៨ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

គណៈកម្មាធិការសុខភាពជាតិ បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ថ្មីទាំងនោះ មាន ១០៣ នាក់ ស្ថិតនៅក្នុងខេត្តហ៊ូប៉ី ដែលរងគ្រោះខ្លាំងបំផុត ចំណែកអ្នកផ្សេងទៀត គឺនៅក្នុងខេត្តហីឡុងជាំង, អានហួយ, ហេណាន ,ទីក្រុងធានជីន និងប៉េកាំង។

ប្រភពដដែល បានបន្ថែមថា កាលពីថ្ងៃច័ន្ទ មានករណីអ្នកឆ្លងថ្មីចំនួន ២, ៤៧៨ នាក់ ដែលតួលេខនេះ មានការធ្លាក់ចុះ បើធៀបនឹងកាលពីថ្ងៃមុន គឺចំនួន ៣,០៦២ នាក់។ សរុបតួលេខអ្នកឆ្លងពេលនេះ បានកើនឡើងដល់ ៤២,៦៣៨ នាក់ ដោយរាប់បញ្ចូលទាំងករណីអ្នកឆ្លងថ្មីចំនួន ២,០៩៧ នាក់ ដែលត្រូវបានរាយការណ៍ នៅក្នុងខេត្តហ៊ូប៉ី ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះ ក្នុងខែធ្នូកន្លងមក៕

មតិយោបល់