ព័ត៌មានអន្តរជាតិ

Update៖ គ្រោះទឹកជំនន់ និងការបាក់ដីនៅជប៉ុន មនុស្សស្លាប់កើនឡើងដល់ ១៩៩ នាក់ ខណៈបាត់ខ្លួនរាប់សិបនាក់

ជប៉ុនៈ អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាល លោក Yoshihide Suga បាននិយាយថា ជំនន់ទឹកភ្លៀង ដែលបានវាយប្រហារតំបន់មួយចំនួន នៃប្រទេសជប៉ុន រហូតដល់ថ្ងៃព្រហស្បតិ៍នេះ បានបណ្ដាឲ្យមនុស្សស្លាប់កើនទ្បើងដល់ ១៩៩ នាក់ហើយ ខណៈរាប់សិបនាក់ទៀត នៅតែបន្តបាត់ខ្លួននៅទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។

លោក Yoshihide Suga បានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះ ដើម្បីស្វែងរកជនរងគ្រោះ កំពុងតែបន្តធ្វើទ្បើងយ៉ាងសស្រាក់សស្រាំ បន្ទាប់ពីគ្រោះមហន្តរាយដ៏អាក្រក់នេះ បានបំផ្លិចបំផ្លាញនៅក្នុងប្រទេសជប៉ុន មិនធ្លាប់មានក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក។

ក្នុងនោះលោក បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ដែលបានធ្វើដំណើរទៅកាន់តំបន់ រងផលប៉ះពាល់មួយកន្លែង កាលពីថ្ងៃពុធ គ្រោងនឹងធ្វើដំណើរទៅតំបន់រងគ្រោះដទៃទៀត នាថ្ងៃសុក្រខាងមុខ។

ដោយដំណើរទៅមើលទីតាំងរងគ្រោះរបស់លោក អាបេ បានធ្វើទ្បើងបន្ទាប់ពីលោក បានលុបចោលដំណើរទស្សនកិច្ច នៅបរទេសចំនួន ៤ប្រទេស ដោយសារតែតួលេខអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយបានបន្តកើនឡើងយ៉ាងគំហុក៕

មតិយោបល់