ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសនៅស៊ីរី ផ្ដាច់ជីវិតមនុស្ស ៣០ នាក់ ខណៈជនស៊ីវិលរាប់រយនាក់រត់ភៀសខ្លួន

ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស របស់រដ្ឋាភិបាលស៊ីរី នៅតំបន់ Eastern Ghouta ដែលកាន់កាប់ដោយពួកឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (SOHR) បាននិយាយថា រដ្ឋាភិបាលស៊ីរី បានបើកការការវាយប្រហារមួយ កាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលជនស៊ីវិលរាប់រយនាក់ បានប៉ុនប៉ងរត់ភៀសចេញពីតំបន់ជួរមុខ ដែលមានការឡោមព័ទ្ធនៅទីតាំងនោះ។

ការវាយប្រហារនេះ បានកើតឡើងចំពេលដែលជនស៊ីវិលរាប់ពាន់នាក់ បាននាំគ្នាធ្វើដំណើរឆ្លងកាត់តំបន់ Eastern Ghouta ដែលជាទីតាំងស្ថិតនៅក្រោមយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេលដ៏យូរស្ទើរមួយខែ ពីសំណាក់រដ្ឋាភិបាល។

ប្រភពពី SOHR ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១ ម៉ឺននាក់ហើយ ដែលបានរត់ភៀសខ្លួនចេញពីតំបន់ជាយក្រុងដាម៉ាស កាលពីថ្ងៃសៅរ៍ ខណៈដែលការវាយឆ្មក់តាមអាកាស នៅតែបន្តធ្វើទ្បើង៕

មតិយោបល់