ព័ត៌មានអន្តរជាតិ

អគ្គីភ័យឆេះផ្សារទំនើបនៅរុស្ស៊ី សម្លាប់មនុស្ស ៣៧នាក់

រុស្ស៊ី: យ៉ាងហោចណាស់មនុស្ស ៣៧ នាក់ ត្រូវបានគេអះអាងថា ស្លាប់បាត់បង់ជីវិត បន្ទាប់មានអគ្គីភ័យឆេះផ្សារទំនើបមួយ នៅតំបន់ Siberian របស់ទីក្រុង Kemerovo។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

យោងតាមបណ្តាញព័ត៌មានរុស្ស៊ី បានឲ្យដឹងថា មនុស្សរាប់សិបនាក់ទៀត រួមមានទាំងកុមារ ត្រូវបានគេជឿថា កំពុងស្ថិតក្នុងចំណោមជនរងគ្រោះ ដែលបានបាត់ខ្លួននៅទីនោះ។

អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះនៅជាន់ខាងលើ ខណ:ដែលជនរងគ្រោះភាគច្រើន បានស្ថិតនៅក្នុងរោងកុន។

តាមរយ:វីដេអូ ដែលបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញថា មនុស្សជាច្រើននាក់ បាននាំគ្នាលោតចេញពីបង្អួច ដើម្បីគេចពីអណ្តាតភ្លើង កាលពីថ្ងៃអាទិត្យ។

សូមជំរាបថា ទីក្រុង Kemerovo ជាតំបន់ផលិតធ្យូងថ្ម ដែលមានចម្ងាយប្រហែល ៣.៦០០ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ ហើយមូលហេតុនាំឲ្យមានអគ្គីភ័យនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអាជ្ញាធរ កំពុងចាប់ផ្តើមការស៊ើបអង្កេត៕

មតិយោបល់