រុស្ស៊ីៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យបណ្តេញមន្ត្រីការទូតរុស្ស៊ី ៦០ នាក់ ចេញពីប្រទេស ខណៈដែលជម្លោះការទូតរវាងរុស្ស៊ី និងអង់គ្លេស បានផ្ទុះឡើង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃច័ន្ទ អាមេរិក បាននិយាយថា ខ្លួនកំពុងបិទស្ថានកុងស៊ុលរុស្ស៊ី នៅទីក្រុងស៊ីថល ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងធ្វើឃាត អតីតមន្ត្រីចារកម្មរុស្ស៊ី និងកូនស្រីរបស់លោកនៅអង់គ្លេស។
ដោយទ្បែកប្រទេសចំនួន ១៦ ក្នុងសហភាពអឺរ៉ុប ក៏បានប្រកាសដែរថា នឹងបណ្ដេញមន្ត្រីការទូតរុស្ស៊ីចំនួន ៣១ នាក់ ចេញពីប្រទេសពួកគេផងដែរ។
សូមជំរាបថា ក្រុងវ៉ាស៊ីនតោន បានចាត់វិធានការនេះ ដោយសហការជាមួយសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងដៃគូខ្លួននៅជុំវិញពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រើអាវុធគីមីកម្រិតខ្ពស់របស់រុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេស ដែលជាសកម្មភាពបង្កអស្ថិរភាព នៅជុំវិញពិភពលោក៕
មតិយោបល់