ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ៖ ការដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី មិនទំនងជាដូចអ្វីដែលបានសន្យានោះទេ

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានមើលឃើញថា ទំនងជាមិនអាចធ្វើតាមការអំពាវនាវ ម្តងហើយម្តងទៀតរបស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរីនោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីក្រុមអ្នកវិភាគមួយចំនួន បាននិយាយថា លោក ត្រាំ ខ្វះសមត្ថភាព ឬពុំមានយុទ្ធសាស្រ្ត ក្នុងការធ្វើជាអ្នកគ្រប់គ្រងការិយាធិបតេយ្យយោធា ក៏ដូចជាចលនាសន្តិភាពនៅអាមេរិកទ្បើយ។

កាលពីសប្ដាហ៍មុន លោក ត្រាំ បានបង្ហាញថា អាមេរិកនឹងដកកងទ័ពចេញពីប្រទេសស៊ីរី នាពេលឆាប់ៗខាងមុខ ខណៈរឿងមួយនេះ មិនទាន់មានការបញ្ជាក់ពីរដ្ឋបាលរបស់ប្រធានាធិបតី ឬមន្ទីរបញ្ចកោណនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ បេសកជនស៊ីរីប្រចាំអង្គការសហប្រជាជាតិ លោក Bashar Jaafari បាននិយាយថា ក្រុងដាម៉ាស់ មិនបានទទួលព័ត៌មាន ជាផ្លូវការណាមួយ អំពីផែនការរបស់លោក ត្រាំ ដើម្បីដកកងកម្លាំងអាមេរិក ពីប្រទេសខ្លួន ដូចអ្វីដែលប្រធានាធិបតីអាមេរិកអះអាងទ្បើយ៕

មតិយោបល់