ស៊ីរីៈ ក្រុមជួយសង្គ្រោះ និងវេជ្ជបណ្ឌិត បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីឧស្ម័នពុល ត្រូវបានទម្លាក់ក្នុងឌូម៉ា ដែលជាទីក្រុងកាន់កាប់ដោយពួកឧទ្ទាមចុងក្រោយ នៅភាគខាងកើតតំបន់ហ្គោតា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។
ក្រុមអ្នកជួយសង្រ្គោះស្ម័គ្រចិត្ត White Helmets បានបង្ហោះរូបថតក្រាហ្វិច ដែលបង្ហាញពីចំនួនសាកសព នៅក្នុងបន្ទប់ក្រោមដី ទំនងជាមានការកើនឡើង ខណៈដែលរដ្ឋាភិបាលស៊ីរី បានហៅការចោទប្រកាន់ ទាក់ទងនឹងការវាយប្រហារអាវុធគីមីនេះថា ជារឿងប្រឌិតតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋានរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងឃ្លាំមើលរបាយការណ៍ទាំងស្រងាកចិត្តយ៉ាងខ្លាំង ខណៈរុស្ស៊ី ដែលកំពុងមានប្រតិបត្តិការប្រយុទ្ធ កៀកជាមួយរដ្ឋាភិបាលស៊ីរី គួរតែត្រូវទទួលខុសត្រូវក្នុងរឿងមួយនេះ ប្រសិនបើសារធាតុគីមី ពិតជាត្រូវបានប្រើប្រាស់មែននោះ៕
មតិយោបល់