អាមេរិកៈ ក្នុងសន្និសីទព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានថ្លែថា ខ្លួននឹងគោរពសេចក្តីសម្រេចតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ ដើម្បីស៊ើបអង្កេតរឿងទំនាក់ទំនងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ជាមួយប្រទេសរុស្ស៊ី ប៉ុន្តែលោកក៏បានធ្វើការបដិសេធផងដែរថា គ្មានការឃុបឃិតអ្វីនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
លោក ត្រាំ បានឲ្យដឹងថា រឿងរ៉ាវទាំងអស់ គ្រាន់តែការធ្វើទុក្ខបុកម្នេញមួយប៉ុណ្ណោះ ដោយលោកអះអាងថា សូម្បីតែសត្រូវរបស់លោក ក៏ធ្លាប់បានលើកទ្បើងដែរថា ពុំមានការឃុបឃិតអ្វីនោះទេ រវាងមន្ត្រីជាន់ខ្ពស់នៃយុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សសាធារណៈរដ្ឋ ជាមួយនិងរុស្ស៊ី ក្នុងគោលបំណងដើម្បីធ្វើឲ្យលោកទទួលបានសំឡេងឆ្នោតយ៉ាងច្រើននោះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកកាសែតម្នាក់ បានចោទជាសំណួរទៅលោក ត្រាំ ថាតើការបណ្ដេញប្រធាន FBI លោក James Comey ចេញពីតំណែងរបស់លោក គឺប៉ុនប៉ុងដើម្បីបញ្ចប់ការស៊ើបអង្កេតរឿងរុស្ស៊ីឬ? ដោយខណៈនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ទេ» និងបានបន្ថែមទៀតថា «គេចង់ធ្វើអ្វីក៏ធ្វើចុះ ប៉ុន្តែរដ្ឋបាលរបស់លោក ត្រូវតែត្រទ្បប់ទៅធ្វើអ្វីៗ ដើម្បីជួយឲ្យប្រទេសជាតិមានភាពល្អប្រសើរទ្បើង»៕

មតិយោបល់