រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារនេះថា បើទោះបីជាមានការអះអាង របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីការដកកងទ័ពខ្លួន ចេញពីតំបន់ខាងកើតទន្លេ Euphrates នៅក្នុងប្រទេសស៊ីរីក៏ដោយ តែគម្រោងចាកចេញមែននោះ គឺគ្មានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក Lavrov បាននិយាយថា «ដើម្បីស្ថាបនាឡើងវិញនូវសេដ្ឋកិច្ច ក្នុងប្រទេសមួយនេះ គឺត្រូវការពេលវេលា ហើយលោកជឿជាក់ថា បណ្ដាប្រទេសពាក់ព័ន្ធទាំងអស់ គួរតែធ្វើសកម្មភាពក្នុងផលប្រយោជន៍ដល់ប្រជាជនស៊ីរី ដោយការគោរពទាំងស្រុងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេ»។
ការថ្លែងយ៉ាងដូច្នោះ បានកើតទ្បើងបន្ទាប់លោក Lavrov បានមើលឃើញថា «បណ្តាប្រទេសនានា ដែលជាប់ពាក់ព័ន្ធនឹងវិបត្តិទាំងមូល នៅស៊ីរី កំពុងមានបំណងចង់បំបែកបំបាក់ជាតិសាសន៍ប្រទេសមួយនេះ»។
ក្នុងនោះលោក បានបញ្ជាក់ទៀតថា គោលបំណងតែមួយគត់របស់អាមេរិក គឺវាយប្រហារពួកភេរវករនៅស៊ីរី ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ប៉ុន្តែធាតុពិតពួកគេ កំពុងតម្រង់គោលដៅឈរជើងទាហានខ្លួន ទៅកាន់ច្រាំងខាងកើតទន្លេ Euphrates ដោយគ្មានចេតនាចាកចេញនោះទេ៕
មតិយោបល់