ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរសម្នាក់ ”មានបំណងចង់បាញ់ លោក Donald Trump”

អាមេរិក: តាមឯកសារតុលាការ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់ព្យាយាមដកកាំភ្លើង នៅឯកន្លែងប្រមូលផ្ដុំអ្នកគ្រាំទ្រ បេក្ខជនប្រធានាធិបតិ លោក Donald Trump ក្នុងទីក្រុង Las Vegas នៅចុងសប្តាហ៍មុន។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។

បុរសម្នាក់នោះ ឈ្មោះ Michael Steven Sandford អាយុ ១៩ ឆ្នាំ ជាជនជាតិអង់គ្លេស ត្រូវបានគេរំពឹងថា នឹងត្រូវបង្ហាញខ្លួនក្នុងតុលាការរដ្ឋ Nevada ឆាប់ៗខាងមុខនេះ។

បើយោងតាមឯកសារតុលាការ បានឲ្យដឹងថា គាត់បានទៅកន្លែងប្រមូលផ្តុំអ្នកគ្រាំទ្រ លោក Trump កាលពីថ្ងៃសៅរ៍ នៅឯរមណីដ្ឋាន Treasure Island Casino។

អំទ្បុងពេលនោះ គាត់បានចូលទៅជិតមន្រ្តីប៉ូលិសទីក្រុង Las Vegas ដោយនិយាយថា គាត់ចង់សុំហត្ថលេខាពីបេក្ខជនរូបនេះ មុននឹងគាត់ព្យាយាមដកកាំភ្លើងបាញ់។

បុរសម្នាក់នេះ បានប្រាប់ប៉ូលិសទៀតថា គាត់បានមកក្នុងសហរដ្ឋអាមេរិក អស់រយ:ពេលមួយឆ្នាំកន្លះហើយ។

គួរបញ្ជាក់ដែរថា តាមការឆ្លើយប្រាប់ប៉ូលិសឲ្យដឹងបន្ថែមទៀតថា គាត់មានគម្រោងដើម្បីព្យាយាមបាញ់ លោក Trump ប្រហែលរយ:ពេលមួយឆ្នាំហើយ ប៉ុន្តែទើបតែសម្រេចចិត្ត ធ្វើសកម្មភាពនៅពេលនេះ ដោយសារមានទំនុកចិត្តគ្រប់គ្រាន់ ដើម្បីធ្វើវា៕

មតិយោបល់