កូរ៉េខាងជើង លុបចោលកិច្ចចរចា ជាមួយកូរ៉េខាងត្បូង និងព្រមានដល់អាមេរិក

កូរ៉េៈ រដ្ឋាភិបាលក្រុងព្រុងយ៉ាង នៅថ្ងៃពុធនេះ បានលុបចោលការចរចាកម្រិតខ្ពស់ ជាមួយកូរ៉េខាងត្បូង ដោយសារផ្ទុះកំហឹង ទាក់ទងនឹងរឿងធ្វើសមយុទ្ធយោធារួមគ្នា រវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បាននិយាយថា សមយុទ្ធនេះ គឺជាការបង្កហេតុ និងជាការហ្វឹកហ្វឺនដើម្បីលុកលុយ។

ជុំវិញការលុបចោលជំនួបនេះដែរ ក៏ជាការព្រមានដល់អាមេរិក អំពីជោគវាសនា នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនាខាងមុខនៅសិង្ហបុរីផងដែរ។

កាលពីខែមីនាកន្លងមក លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក បន្ទាប់ពីទទួលយកការអញ្ជើញជួប ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីម។

ដោយមេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារនៅលើ Twitter ថា «យើងនឹងព្យាយាមធ្វើឲ្យកិច្ចប្រជុំនាពេលខាងមុខមួយនេះ ក្លាយជាពេលវេលាដ៏ពិសេសមួយ សម្រាប់សន្តិភាពពិភពលោក!»៕

មតិយោបល់