UN: អង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការបាញ់ផ្លោងគ្រាប់រ៉ុក្កែតទៅលើមន្ទីរពេទ្យ នៅទីក្រុងទ្រីប៉ូលី ដោយហៅវាថា ជាការរំលោភយ៉ាងច្បាស់ នូវច្បាប់អន្ដរជាតិ ចំពេលដែលប្រទេសលីប៊ី កំពុងត្រៀមខ្លួនប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណាថ្មី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
កាលពីថ្ងៃច័ន្ទ លោក Jens Laerke អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប្រាប់សន្និសីទសារព័ត៌មានមួយថា គ្រាប់ផ្លោងជាច្រើនគ្រាប់ បានវាយប្រហារលើមូលដ្ឋានមន្ទីរពេទ្យ Al Khadra General ស្ថិតក្នុងតំបន់មួយ ដែលកាន់កាប់ដោយរដ្ឋាភិបាល មានការទទួលស្គាល់ជាអន្តរជាតិ ជិតទីតាំងជួរមុខ ដោយវាបានបណ្តាលឱ្យបុគ្គលិកសុខាភិបាលយ៉ាងតិច ៦ នាក់រងរបួស។
ទង្វើនេះ គឺជាការរំលោភយ៉ាងច្បាស់ នូវច្បាប់មនុស្សធម៌អន្តរជាតិ…វាមិនអាចទទួលយកបានទេ នៅពេលដែលកន្លែងសុខាភិបាល និងបុគ្គលិកសុខាភិបាល ដែលកំពុងដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងជាសកល ត្រូវរងការវាយប្រហារបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកបានបន្ថែមថា នៅពេលនេះ ប្រជាជនលីប៊ី មិនត្រូវការធ្វើអ្វីទាំងអស់ ក្រៅពីរក្សាសុវត្ថិភាព របស់ពួកគេ គឺស្នាក់នៅតែក្នុងគេហដ្ឋានប៉ុណ្ណោះ ដើម្បីបង្ការខ្លួនពីជំងឺឆ្លងកូវីដ១៩៕
មតិយោបល់