ព័ត៌មានអន្តរជាតិ

លោកស្រី Merkel ៖ អាល្លឺម៉ង់ នៅតែប្តេជ្ញារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់

អាល្លឺម៉ង់: អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា ប្រទេសរបស់លោកស្រី នឹងស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីការសម្រេចចិត្តដកខ្លួនចេញរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

យ៉ាងណាមិញលោកស្រី Merkel ក៏បានទទួលស្គាល់ផងដែរថា៖ «ការរក្សាកិច្ចព្រមព្រៀងអ៊ីរ៉ង់នេះ វាមិនមែនជាជម្រើសដែលអាល្លឺម៉ង់ចង់បាននោះទេ ប៉ុន្តែបើមើលទៅលើជម្រើសផ្សេងទៀត គឺហាក់មិនសូវមានស្ថេរភាព»។ ដោយលោកស្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា នោះហើយជាមូលហេតុដែលអាល្លឺម៉ង់ នឹងបន្តរក្សាកិច្ចព្រមព្រៀងមួយនេះ។

ក្នុងនោះលោកស្រីបានសង្កត់ធ្ងន់ថា ការធ្វើជំនួញរបស់សហភាពអឺរ៉ុបមួយចំនួន នឹងត្រូវបង្ខំឲ្យថយចុះប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីជៀសវាងផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់អាមេរិក ជាហេតុនាំឲ្យក្រុមហ៊ុនធ្វើជំនួយទាំងនោះ ត្រូវដកខ្លួនចេញពីប្រទេសមួយនេះ»។

ថ្លែងនៅអំទ្បុងពេលធ្វើទស្សនកិច្ច នៅប្រទេសចិន លោកស្រី Angela Merkel បាននិយាយថា ខ្លួននឹងជំរុញឲ្យ ទីក្រុងប៉េកាំងបំពេញបេសកកម្មពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ជាប្រវត្តិសាស្ត្រលើរដ្ឋាភិបាលក្រុងតេអេរ៉ង់ ទាក់ទងនឹងការរំលោភបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥៕

មតិយោបល់