បរទេស: សមុទ្រ Fernando តំបន់ប្រជុំកោះ Noronha ត្រូវបានចាត់ចូលជាតំបន់ទេសចរណ៍ ដ៏មានសក្កតានុពលបំផុត ប្រចាំប្រទេសប្រេស៊ីល និងគ្មានអាថ៌កំបាំងទៀតទេ ក្រោយជាប់ចំណាត់ថ្នាក់ នៃសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ហេតុថា តំបន់នេះ គឺជាទីប្រជុំកោះ ចំនួន ២១កន្លែង និងកោះតូចៗ ជាច្រើនទៀត នៅក្នុងមហាសមុទ្រអាត្លង់ទិច កម្រនឹងមានក្នុងពិភពលោក។
តំបន់សមុទ្រ Fernando នៃប្រជុំកោះ Noronha នេះ មានទីតាំងនៅឆ្ងាយពីឆ្នេរសមុទ្រប្រទេសប្រេស៊ីល ចម្ងាយ ៣៥៤គីឡូម៉ែត្រ។ កោះធំជាងគេ នៅក្នុងតំបន់នេះ មានក្រឡាផ្ទៃ ១៨, ៤គីឡូម៉ែត្រការ៉េ និងមានប្រជាជន ៣.០១២នាក់។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចអញ្ជើញទៅកម្សាន្ត នៅសមុទ្រ Fernando តំបន់ប្រជុំកោះ Noronha នេះបាន ដោយធ្វើដំណើរតាមជើងហោះហើរនានា ឬតាមនាវាចេញពីតំបន់ Reciefe (ចម្ងាយ ៥៤៥គីឡូម៉ែត្រ) ឬក៏ជិះយន្តហោះ ចេញពីតំបន់ Natal (ចម្ងាយ ៣៦០ គីឡូម៉ែត្រ)។
ប្រសិនបើលោកអ្នកចង់ទទួលបាន នូវបទពិសោធពេញលេញ ក្នុងការស្រូបយកខ្យល់បរិសុទ្ធ និងសម្រស់ធម្មជាតិ គួរឲ្យទាក់ទាញ នៅក្នុងតំបន់ទេសចរណ៍ សមុទ្រ Fernando នៃប្រជុំកោះ Noronha អ្នកទេសចរ គួរតែចំណាយពេលស្នាក់នៅទីនោះ យ៉ាងតិចណាស់រយៈពេល៥ ថ្ងៃ បង្ហួសទៅកម្សាន្តនៅលើឆ្នេរខ្សាច់នៃតំបន់ទេសចរណ៍នេះ ចែកចេញជា ២ផ្នែក គឺសមុទ្រផ្នែកខាងក្នុង (Inside Sea) ឈ្មោះថា Mar de Dentro និងសមុទ្រផ្នែកខាងក្រៅ (Outside Sea) មានឈ្មោះថា Mar de Fora។ បន្ថែមលើនេះទៀត ទីរមណីយដ្ឋានធម្មជាតិនេះ ត្រូវបានក្លាយជាតំបន់ពេញនិយមមួយ សម្រាប់ការជិះស្គីប្រឡែងជាមួយទឹករលក (surfing) និងច្រមុជទឹកចុះចូលមើលអាថ៌កំបាំង នៃជីវិតសត្វ និងរុក្ខជាតិ ក្រោមបាតសមុទ្រ ចន្លោះខែវិច្ឆិកា ដល់ខែមេសា នៅពេលដែលរដូវធ្លាក់ខ្យល់ ឈានចូលមកដល់។
គួរបញ្ជាក់ថា ភ្ញៀវទេសចរគ្រប់រូប ត្រូវចំណាយប្រាក់ក្នុងការបង់ថ្លៃ សេវាអភិរក្សបរិស្ថាន នៅពេលណាអ្នកទៅដល់ វិទ្យាស្ថានធនធានធម្មជាតិកើតឡើងវិញ និងបរិស្ថាន ( Institute of Environment and Renewable Natural Resources) ឈ្មោះថា Ibama ផងដែរ៕
មតិយោបល់