ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា ការអំពាវនាវរបស់មេដឹកនាំស៊ីរី ឲ្យយោធាខ្លួនដកចេញពីប្រទេសពួកគេ ជាគោលនយោបាយដ៏អាក្រក់

ស៊ីរីៈ ប្រធានាធិបតីស៊ីរីលោក Bashar Assad បានបញ្ជាក់យ៉ាងច្បាស់ថា ទាហានអាមេរិក គួរតែចាកចេញពីប្រទេសខ្លួន ដោយអះអាងថា ក្រុងដាម៉ាស់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគាំទ្រដោយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

ប្រមុខ​សេនាធិការ​ចម្រុះ​នៃ មន្ទីរ​បញ្ចកោណ​លោក​ឧត្តមសេនីយ៍​ទោ Kenneth McKenzie បាននិយាយថា «រាល់ភាគីណាមួយ ដែលកំពុងស្ថិតក្នុងប្រទេសស៊ីរី គួរតែយល់ថា ការវាយប្រហារទៅលើកងកម្លាំងអាមេរិក ឬដៃគូចម្រុះរបស់យើង នឹងក្លាយជាគោលនយោបាយដ៏អាក្រក់បំផុត»។

ដោយលោកបានថ្លែងប្រាប់សន្និសីទនៅឯមន្ទីរបញ្ចកោណថា «យោធាអាមេរិកនៅទីនោះ គឺមិនមានការផ្លាស់ប្តូរអ្វីទាំងអស់ ព្រោះការរក្សាជំហរនៅតំបន់ហាមឃាត់នោះ ពិតជាមានសារៈសំខាន់បំផុត ហើយក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការយ៉ាងម៉ត់ចត់ ចំពោះសកម្មភាពណាមួយ ដែលធ្វើឲ្យមានការផ្លាស់ប្តូរ»។

សេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Bashar Assad បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយ RT ថា «ក្រុងដាម៉ាស់ នឹងបន្តបង្កើនការការពារដែនអាកាសរបស់ខ្លួន ដរាបណាក្រុងវ៉ាស៊ីនតោន នៅតែរំលោភបំពានច្បាប់អន្តរជាតិ»។

ក្នុងនោះលោក Assad បានសង្កត់ធ្ងន់ថា ទោះបីជារដ្ឋាភិបាលលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកកិច្ចចរចាសន្តិភាព ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិកក៏ដោយ ប៉ុន្តែជម្រើសយោធា នៅតែជាយុទ្ធសាស្ត្រចម្បងរបស់រដ្ឋាភិបាល៕

មតិយោបល់