ភ្នំពេញៈ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ៦ខែផងដែរ ចំណែក៣នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នា។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិងនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1L-8495 ជិះគ្នា៣នាក់បងប្អូន បើកបរដោយឈ្មោះតឿ សុភាព ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសស្រាល រួមដំណើរជាមួយ បងស្រី រងរបួសស្រាល និងប្អូនប្រុសម្នាក់ទៀត ឈ្មោះ គង់ ក្រូច អាយុ១៨ឆ្នាំ មុខរបរ កម្មករ រងរបួសធ្ងន់ បាក់ស្មាខាងឆ្វេង ។ ជនរងគ្រោះទាំង៣នាក់ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ មានស្រុកកំណើត ខេត្តស្វាយរៀង ។ ចំណែកភាគីម្ខាងទៀត ម៉ូតូ ហុងដាដូចគ្នាសេរី១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-7633 ជិះគ្នា២នាក់ ប្តីប្រពន្ធ បើកបរដោយឈ្មោះ លាង ជូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសស្រាល ចំណែកប្រពន្ធ រងរបួសធ្ងន់ បាក់ជើងស្តាំ ខណៈដែលកំពុងមានផ្ទៃពោះ៦ខែ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ ព្រៃល្ងរ សង្កាត់ចោមចៅ២ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូជិះ២នាក់ប្តីប្រពន្ធ បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ពីលិចទៅកើត ដល់ចំណុចខាងលើ ស៊ីញ៉ូបត់ឆ្លងផ្លូវ ស្រាប់តែភាគីម៉ូតូ ជិះគ្នា៣នាក់បងប្អូនលើផ្លូវអថិភាពពីកើតទៅលិចជ្រុលបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ ស្រាល៣នាក់ ។
ក្រោយកើតហេតុ ស្រ្តីពោះធំរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនយកទៅព្យាបាល ចំណែកយុវជនម្នាក់របួសបាក់ស្មា ត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូទៅពេទ្យដោយខ្លួនឯង ។ ដោយឡែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕
ព័ត៌មានជាតិ
មតិយោបល់