ព័ត៌មានជាតិ

លោក កែវ រ៉េមី ៖ កម្ពុជាគ្មានអ្នកទោសនយោបាយទេ

ភ្នំពេញៈ មន្រ្តីសិទ្ធិមនុស្សកម្ពុជាអះអាងថា ប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តខុសពីច្បាប់ក្រមព្រហ្មទណ្ឌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាលោក កែវ រ៉េមី លើកឡើងថា គណបក្សប្រឆាំងតែងនិយាយថា កម្ពុជាមានអ្នកទោសនយោបាយ រំលោភសិទ្ធិមនុស្ស ឬក៏សិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយជាដើម។ តែតាមពិតទៅកន្លងមកមានការចាប់ខ្លួនមនុស្សមួយចំនួនដោយអាជ្ញាធរ ដែលអ្នកទាំងនោះជាអ្នកធ្វើនយោបាយបានប្រព្រឹត្តខុស និងច្បាប់ក្រមព្រហ្មទណ្ឌដោយខ្លួនឯងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។

លោក កែវ រ៉េមី បានលើកឡើងដូច្នេះ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ ស្តីពី “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស” ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាកលវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកថា “ការនិយាយខាងលើនេះ បានកើតឡើងរាប់សិបឆ្នាំមកហើយ ពោលគឺតាំងពីអាណត្តិមុនៗមកម្ល៉េះ មកដល់ពេលនេះយើងមើលឃើញទាំងអស់គ្នាហើយ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានកម្រិតណា គឺល្អជាងប្រទេសជាច្រើននៅជុំវិញយើងឆ្ងាយណាស់ តែបក្សប្រឆាំងនៅតែមិនឆ្អែតមិនឆ្អន់ចំពោះសិទ្ធិសេរីភាពដែលយើងទទួលបានគ្រប់ៗគ្នាហើយតែងយកសិទ្ធិមនុស្សនេះធ្វើជាឧបករណ៍ទៅញុះញ៉ង់ បង្កើតឲ្យមានបាតុកម្ម ដើម្បីទាញយកផលចំណេញខាងនយោបាយ និងជាន់ឈ្លីមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា”

លោកបន្តថា នៅពេលដ៏ខ្លីខាងមុខនេះយើងនឹងមានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតសកល ដែលប្រជាជនគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ ពេញចិត្ត ដោយសេរី ពិសេសសិទ្ធិបញ្ចេញមតិ មានគ្រប់រូបភាព មានទាំងតាមបញ្តាញសង្គមនានាជាច្រើន សិទ្ធទទួលបានការរស់រៀន ការអប់រំ រហូតដល់មានអ្នកខ្លះប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែនធ្វើឲ្យប៉ះពាល់ដល់សិទ្ធអ្នកដទៃថែមទៀតផង៕

មតិយោបល់