អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យបញ្ចប់ការបំបែកក្រុមកុមារចំណាកស្រុកចេញពី ឪពុកម្តាយរបស់ពួកគេ នៅតាមព្រំដែនអាមេរិក កាលពីថ្ងៃពុធ ដែលវាជាការផ្លាស់ប្តូរគោលនយោបាយ បន្ទាប់ពីទទួលរងការរិះគន់ រួមទាំងសម្ពាធយ៉ាងធ្ងន់ធ្ងរ ពីសមាជិកគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ក៏ដូចជាសហគមន៍អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពីកុមារចំនួន ២,៣០០ នាក់ ត្រូវបានបំបែកចេញពីឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេ បន្ទាប់ពីឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី៥ ខែឧសភាកន្លងមក ហើយត្រូវបានរដ្ឋាភិបាលអាមេរិក ចាប់បង្ខាំងឲ្យនៅក្នុងជំរំតង់ និងកន្លែងផ្សេងទៀត ដោយពុំអាចធ្វើការទាក់ទង ជាមួយសាច់ញាតិរបស់ពួកគេទ្បើយ។
រូបភាព និងកំណត់ហេតុនៃការបែងចែកនេះ បានបង្កឲ្យមានកំហឹង រួមទាំងការបះបោរយ៉ាងខ្លាំង ក្នុងចំណោមគណបក្សសាធារណរដ្ឋផ្ទាល់ របស់រដ្ឋបាល ត្រាំ ក៏ដូចជាការចោទប្រកាន់ជាអន្តរជាតិថា អាមេរិក បានរំលោភសិទ្ធិមនុស្សផងដែរ។
លោក ត្រាំ បានថ្លែងថា៖ «អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ គឺយើងកំពុងរក្សាក្រុមគ្រួសារឲ្យនៅជាមួយគ្នា ហើយខ្ញុំក៏មិនចូលចិត្តមើលឃើញ ឬទទួលអារម្មណ៍នៃក្រុមគ្រួសារ ត្រូវបានបំបែកចេញនោះទេ»។
យ៉ាងណាមិញលោកបានបញ្ជាក់ថា ទោះបីជាមានការផ្លាស់ប្តូរក៏ដោយ តែការអនុវត្តព្រំដែន នឹងនៅតែមានភាពតឹងរ៉ឹងដដែល៕
មតិយោបល់