ព័ត៌មានអន្តរជាតិ

ជប៉ុន និងកូរ៉េខាងត្បូង កំពុងចរចាជាមួយអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់ពីការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់

ជប៉ុន: រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសទិញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ កំពុងចរចាជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជៀសវាងផលអវិជ្ជមាន ចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងកាត់បន្ថយការនាំចេញអ៊ីរ៉ង់ ពីទីផ្សារអន្ដរជាតិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋអំណាចអាមេរិក កំពុងទាមទារឲ្យប្រទេសនានា កាត់បន្ថយការនាំចូលប្រេងពីអ៊ីរ៉ង់ ចាប់ពីខែវិច្ឆិកាទៅ ដោយនៅពេលដែលរដ្ឋបាលលោក ត្រាំ បានបង្កើនសម្ពាធទៅលើសម្ព័ន្ធមិត្ត ដើម្បីកាត់បន្ថយការផ្តល់មូលនិធិទៅកាន់អ៊ីរ៉ង់។

លោក Yoshihide Suga លេខាគណ:រដ្ឋមន្ត្រីជប៉ុន បានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃពុធនេះថា ជប៉ុន និងអាមេរិក កំពុងពិភាក្សាគ្នា អំពីការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអ្វីទ្បើយ ចំពោះកិច្ចពិភាក្សានោះ។

ដោយលោកបានបន្ថែមថា «យើងកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន នូវផលប៉ះពាល់ដែលជាវិធានការរបស់អាមេរិក ហើយយើងនឹងចរចា ជាមួយបណ្តាប្រទេសពាក់ព័ន្ធដទៃទៀត ក្នុងនោះរួមទាំងអាមេរិកផងដែរ ដើម្បីកុំឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនជប៉ុន»៕

មតិយោបល់