ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអ៊ូឌីត យល់ព្រមនឹងសំណើររបស់អាមេរិក ដើម្បីផលិតប្រេងបន្ថែម

អារ៉ាប៊ីសាអ៊ូឌីតៈ ទីភ្នាក់ងារសារព័ត៌មាន SPA បានឲ្យដឹងកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីរបស់អារ៉ាប៊ីសាអូឌីត បានគាំទ្រការត្រៀមខ្លួន របស់ព្រះមហាក្សត្រពួកគេ ក្នុងការផលិតប្រេងបន្ថែមទៀត ដើម្បីរក្សាតុល្យភាពទីផ្សារ និងស្ថេរភាព។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍មួយ របស់គណៈរដ្ឋមន្រ្តី បានធ្វើទ្បើងបន្ទាប់ពីកិច្ចប្រជុំមួយ ដែលដឹកនាំដោយព្រះអង្គម្ចាស់ Salman បានបញ្ជាក់ថា រាជាណាចក្រនេះ នឹងត្រៀមប្រើប្រាស់សមត្ថភាពផលិតប្រេងរបស់ខ្លួន តាមតែអាចធ្វើទៅបាន ក្នុងករណីចាំបាច់ ដើម្បីដោះស្រាយរាល់ការផ្លាស់ប្តូរ នាពេលអនាគត ទាក់ទងនឹងកម្រិតនៃការផ្គត់ផ្គង់ រួមទាំងតម្រូវការប្រេងលើទីផ្សារផងដែរ។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ស្តេចនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានយល់ព្រមសំណើររបស់លោក ដើម្បីបង្កើនទិន្នផលប្រេងប្រហែល ២ លានបារ៉ែល។

ដោយលោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការហៅទូរស័ព្ទ ជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អំពីការផលិតប្រេង ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធពីវានោះទេ៕

មតិយោបល់