សិង្ហបុរីៈ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនទ្បុង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលខ្លួន ជឿជាក់ថា កិច្ចពិភាក្សាប្រកបដោយការស្ថាបនា ពិតជាចាំបាច់ណាស់ ដើម្បីសម្រេចបាននូវសន្តិភាព ក៏ដូចជាស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានរួមមួយ លោក លី បានមានប្រសាសន៍ថា សិង្ហបុរីពិតជាសប្បាយរីករាយណាស់ ដែលបានរៀបចំជំនួបកំពូល នាពេលថ្មីៗនេះ រវាងកូរ៉េខាងជើង និងអាមេរិក ហើយលោក ក៏សូមជូនពរឲ្យកូរ៉េខាងត្បូង ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទទួលបានភាពជោគជ័យផងដែរ។
ដោយលោកបានបន្ថែមថា «វាជាផ្លូវដ៏វែងឆ្ងាយមួយ ដែលត្រូវប្រឈមនឹងបញ្ហាជាច្រើនទៀត ដើម្បីយកជ័យជំម្នះ ខណៈរូបលោក បានបង្ហាញនូវក្ដីសង្ឃឹមថា កិច្ចប្រជុំកំពូលនៅសិង្ហបុរីកន្លងទៅ នឹងធ្វើឲ្យមានការផ្លាស់ប្តូរ ក្នុងទិសដៅត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ»។
ក្នុងនោះលោក លី បានធ្វើការកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង រួមទាំងកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោក មូន ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង៕
មតិយោបល់