ព័ត៌មានកីឡា

Pirlo៖ Ronaldo នឹងធ្វើឲ្យ Serie A ល្បីល្បាញឡើងវិញ

ការសម្រេចចិត្តទៅចូលរួមជាមួយក្រុម សេះបង្កង់ Juventus របស់កីឡាករឆ្នើម Cristiano Ronaldo កាលពីពេលថ្មីៗនេះ ថ្វីបើមិនទាន់បានបង្ហាញខ្លួនក្តី តែ ត្រូវ​បានគេរំពឹងថា លីគកំពូលរបស់ប្រទេសអ៊ីតាលី នឹងវិលទៅរកភាពល្បីល្បាញវិញ​ជាក់ជាមិនខានឡើយ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា អតីតកីឡាករ​ឆ្នើម​របស់ក្រុមជម្រើសជាតិអ៊ីតាលី និង Juventus កីឡាករ Andre Pirlo រំពឹងថា Ronaldo គឺជាចលករនាំឲ្យ Serie A ចាប់ផ្តើមទទួលប្រជាប្រិយភាព​វិញ។ Pirlo បានឲ្យដឹងថា៖ លីគកំពូលអ៊ីតាលី បានស្ងប់ស្ងាត់ជិត ១០ឆ្នាំកន្លងមក​ហើយ បើទោះបីជាមានក្លិបល្អៗច្រើន​ ធ្លាប់សាងស្នាដៃ នៅអឺរ៉ុបជាយូរណាស់មក​ហើយក្តី តែភាពស្ងប់ស្ងាត់នេះ បានធ្វើឲ្យអ៊ីតាលី មិនសូវទទួលបានការចាប់​អារម្មណ៍ដូចលីគផ្សេងៗឡើយ។ ក៍ប៉ុន្តែ នៅពេលនេះ Cristiano Ronaldo ជាកីឡាករដ៍មានប្រជាប្រិយភាព លើពិភពលោក បានឈានជើងមកដល់ Juventus ហើយ មិនតែប៉ុណ្ណោះ វត្តមាននេះដែរ បានធ្វើឲ្យកក្រើកពិភពលោក ឲ្យងាកមកសម្លឹងឃើញ លីគកំពូលអ៊ីតាលីវិញ ដែលនេះបង្ហាញឲ្យឃើញថា សករាជរបស់អ៊ីតាលីបានរស់ឡើងវិញហើយ។

ដូច្នេះហើយ តាមរយ:ការរំពឹងរបស់ Andre Pirlo វត្តមានរបស់ Cristiano Ronaldo នឹងធ្វើឲ្យ អ៊ីតាលីរស់ឡើងវិញ ហើយកីឡាករល្បីៗផ្សេងទៀត ច្បាស់ជាងាកមកចង់ប្រកបអាជីពនៅអ៊ីតាលីវិញជាក់ជាមិនខាន។

មតិយោបល់