ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង ជំនួសតំណែងមេបញ្ជាការអង្គភាពស៊ើបអង្កេតយោធាថ្មី ក្រោយមានរឿងអាស្រូវ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានផ្លាស់តំណែងមេបញ្ជាការអង្គភាពស៊ើបអង្កេតយោធាថ្មី បន្ទាប់ពីមានការសង្ស័យ ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងការធ្វើអន្តរាគមន៍ផ្នែកនយោបាយផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។

លោក Yoon Young-chan ទីប្រឹក្សាព័ត៌មានប្រធានាធិបតីជាន់ខ្ពស់ បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីលោក មូន បានតែងតាំងឧត្តមសេនីយ៍ឯក លោក Nam Young-sin ជាមេបញ្ជាការថ្មីនៃបញ្ជាការសន្តិសុខការពារជាតិ (DSC) ជំនួសឧត្តមសេនីយ៍ឯកលោក Lee Suk-koo ដែលមាន បានដឹកនាំ DSC ចាប់តាំងពីខែកញ្ញាឆ្នាំមុន។

លោក Nam គឺជាមេបញ្ជាការកងទ័ពធ្វើសង្គ្រាមពិសេស ដែលត្រូវបានគេស្គាល់ថា ជាមេបញ្ជាការយោធាជើងចាស់ នៅក្នុងប្រតិបត្តិការប្រយុទ្ធ និងសមយុទ្ធ។

សូមជំរាបថា លោក មូន បានបញ្ជាឲ្យសមាជិកទាំងអស់របស់ DSC ដែលជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ ចំពោះទង្វើខុសច្បាប់ ត្រូវតែបញ្ជូនពួកគេទៅកាន់អង្គភាពដើមវិញ ដោយនិយាយថា រាល់អធិការកិច្ចណា ដែលមិនមែនជាសកម្មភាពយោធានៅក្នុង DSC គួរតែធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ អំពីការធ្វើខុស នៅក្នុងអង្គភាពស៊ើបការណ៍សម្ងាត់៕

មតិយោបល់