នាវាចម្បាំងចិនធំៗចំនួនបីគ្រឿងនៅថ្ងៃអង្គារ៍នេះត្រូវបានបញ្ចូនចូលដែនទឹកក្បែរប្រជុំកោះកំពុងមានជម្លោះ ដែលខ្លួនហៅថាកោះតាវយូ ហើយខាង ជប៉ុនហៅថាកោះសេនកាគុ ដែលស្ថិតនៅសមុទ្រចិនភាគខាងកើត។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបញ្ចូននាវានេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Matti បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិកចំពោះការការពារប្រទេសជប៉ុន និងកោះដែលមានជម្លោះជាមួយចិន។
បើយោងតាមទូរទស្សន៍ជាតិជប៉ុន NHK បានឲ្យដឹងថា មានការតវ៉ានៅមុខស្ថានទូតចិននាទីក្រុងតូក្យូ
ខណៈការតវ៉ាដូចគ្នានេះ ត្រូវបានធ្វើឡើងនៅមុខស្ថានទូតជប៉ុនទីក្រុងប៉េកាំង។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Matti កាលពីថ្ងៃសៅរ៍បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនដើម្បីការពារជប៉ុនដោយរួមបញ្ចូលទាំងក្រុមកោះមានជម្លោះដែលត្រូវបានអះអាងដោយប្រទេសចិនថាជារបស់ខ្លួន។
លោក Matti បានថ្លែងនៅក្នុងសុន្ទរកថាមួយថា «យើងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយយូរអង្វែងរបស់យើងរឿងប្រជុំកោះសេនកាគូ សហរដ្ឋអាមេរិកនឹងបន្តទទួលស្គាល់ដែនរដ្ឋបាលរបស់ប្រទេសជប៉ុននៅលើប្រជុំកោះមួយនេះ ដែលវាស្ថិតក្នុងមាត្រា៥ នៃសន្ធិសញ្ញាសន្តិសុខអាមេរិក និងជប៉ុន»។
មាត្រា៥នៃសន្ធិសញ្ញានេះ បានចែងថា អាមេរិកនឹងការពារទឹកដីក្រោមការគ្រប់គ្រងរបស់ជប៉ុនដែលនឹងរួមបញ្ចូលទាំងកោះសិនកាគុ ដែលជាក្រុមកោះគ្មានមនុស្សរស់នៅក្នុងសមុទ្រចិនខាងកើត និងដែលចិនហៅកោះនោះថា ទាវយូ។
ដំណើរទស្សនកិច្ច Matti ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាយុទ្ធនាការមួយដែលលោកប្រធានាធិបតី Donald Trump ធ្វើឡើងដើម្បីគាំទ្រសមភាគីក្រុងសេអ៊ូល និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងតូក្យូដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងដើម្បីរក្សាកងទ័ពឈរជើងនៅក្នុងប្រទេសទាំងពីរ។
លោក Lu អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទ បានស្វាគមន៍ជំហរលោក Matti។ លោក Lu បាននិយាយថា «ប្រទេសចិនស្វាគមន៍ជានិច្ចនូវការឆ្លើយតបតាមរយៈប្រតិបត្តិការយោធាទ្រង់ទ្រាយតូចឬធំក្នុងតំបន់នេះ ឬក៏ដោះស្រាយតាមរយៈការទូត»។
សូមជំរាបថា ភាពតានតឹងបានកើតឡើងច្រើនដងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើប្រជុំកោះខាងលើ រួមបញ្ចូលទាំងការប្រឈមមុខរវាងយន្តហោះកងទ័ពជើងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ភាគីទាំងពីរ៕
មតិយោបល់