ព័ត៌មានអន្តរជាតិ

តួកគី បើកប្រតិបត្តិការយោធាថ្មី ដើម្បីវាយលុកនៅស៊ីរី

តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសលោកបានឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំប្រតិបត្តិការយោធាថ្មីរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

ដោយលោក Erdogan បាននិយាយថា «យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការរៀបចំដើម្បីបង្កើនចំនួនតំបន់ ដែលមានស្ថេរភាពនៅស៊ីរី តាមរយៈប្រតិបត្ដិការ Euphrates Shield និង Olive Branch ប្រឆាំងនឹងពួកឧទ្ទាម។ ក្នុងនោះលោក បានអះអាងបន្ថែមថា ជាមួយជំនួយពីព្រះជាម្ចាស់ យោធាតួកគី នឹងអាចរំដោះតំបន់ថ្មីៗជាច្រើនទៀត នៅពេលអនាគត ដែលនាំមកនូវសន្ដិភាពនៅទីនោះ»។

លើសពីនេះទៀត មេដឹកនាំរូបនេះ បានកត់សម្គាល់ថា មនុស្ស ២៥០.០០០ នាក់ បានវិលត្រឡប់ទៅកាន់កន្លែងរស់នៅរបស់ពួកគេវិញ បន្ទាប់ពីយោធាតួកគី បានប្រតិបត្តិការកាន់កាប់នៅទីនោះ។

សូមជំរាបថា កងទ័ពតួកគី បានសហការជាមួយក្រុមប្រឆាំងស៊ីរី ដែលស្មោះត្រង់និងក្រុងអង់ការ៉ា បានចូលរួមក្នុងប្រតិបត្តិការយោធាមួយចំនួន នៅក្នុងប្រទេសស៊ីរី ដែលភាគច្រើនគឺជាប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃើដ៕

មតិយោបល់