ឥណ្ឌាៈ វិបត្តិទឹកជំនន់នៅឥណ្ឌាកាន់តែអាក្រក់ខ្លាំងទ្បើង នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេស ខណៈមនុស្សរាប់ពាន់នាក់ កំពុងដង្ហោយការជួយសង្គ្រោះពួកគេ ទៅកាន់ទីតាំងសុវត្ថិភាព ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
រហូតមកដល់ពេលនេះ មនុស្សចំនួន៣២៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត១០០ឆ្នាំមកនេះ។
ក្រុមអាជ្ញាធរ បាននិយាយថា ទាហាន និងអ្នកនេសាទរាប់រយនាក់ កំពុងធ្វើការជួយសង្គ្រោះ ជាមួយនឹងការប្រើឧទ្ធម្ភាគចក្រ ក៏ដូចជាទូកជាច្រើនគ្រឿង ដើម្បីធ្វើការសង្គ្រោះជនរងគ្រោះ នៅទូទាំងរដ្ឋ Kerala។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មនុស្ស ៦,០០០ នាក់ កំពុងជាប់នៅតំបន់លិចទឹកខ្លាំងនៅឡើយ ខណៈដែលអគ្គិសនី រួមទាំងប្រព័ន្ធទាក់ទងគ្នា ត្រូវបានកាត់ផ្តាច់ ដោយក្រុមអាជ្ញាធរ បានធ្វើការព្រមានជាថ្មីថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។
សូមជំរាបថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងស្ថិតក្នុងរដ្ឋ Kerala ដើម្បីចុះត្រួតពិនិត្យដោយផ្ទាល់លើការខូចខាត ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ស្របពេលមានសេចក្ដីរាយការណ៍ថា តួលេខអ្នកស្លាប់ក្នុងរដ្ឋនេះ អាចនឹងមានការកើនទ្បើង៕





មតិយោបល់