យេម៉ែនៈ ក្រុមមន្រ្តីយេម៉ែន បានប្រាប់ស៊ិនហួរថា ចំនួនមនុស្សស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលវាយប្រហារជាបន្តបន្ទាប់នៅប៉ុស្តិ៍យោធា និងបរិវែណស៊ើបការណ៍សម្ងាត់មួយរបស់យេម៉ែន ភាគអាគ្នេយ៍ក្នុងខេត្ត Hadramout បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៤០នាក់កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៦។
តាមប្រភពពីបញ្ជាការយោធាភូមិភាគទីបួន ដែលមានមូលដ្ឋាននៅខេត្ត Hadramout បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ ដែលគោលដៅកំណត់ប៉ុស្តិ៍ត្រួតពិនិត្យយោធា និងនៅកន្លែងផ្សេងគ្នាទៀត ក្នុងទីក្រុង Mukalla បានបណ្ដាលឲ្យទាហានប្រមាណជា ៤០នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
សាក្សីបានប្រាប់ស៊ីនហួថា ប៉ុស្តិ៍ត្រួតពិនិត្យយោធាបី និងបរិវេណស៊ើបការណ៍សម្ងាត់មួយ នៅទីក្រុងឆ្នេរ Mukalla រដ្ឋធានីខេត្ត Hadramout ត្រូវបានវាយប្រហារដោយការផ្ទុះគ្រាប់បែកដ៏ធំមួយ ក្នុងពេលដំណាលគ្នា។
គួរបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារភេរវករចំនួនបួនលើប៉ុស្តិ៍ត្រួតពិនិត្យយោធាយេម៉ែន ក្នុងខេត្ត Hadramout បន្ទាប់ពីកើតហេតុការណ៍នេះ ប៉ុន្មាននាទីកាលពីថ្ងៃចន្ទផងដែរ៕
មតិយោបល់