ចិនៈ បន្ទាប់ពីមានការពិភាក្សាគ្នា កាលពីថ្ងៃសុក្រ រវាងតំណាងប្រទេសទាំងពីរ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រុងប៉េកាំង នឹងបើកទូលាយ ដើម្បីធ្វើកិច្ចចរចា ជាមួយចក្រភពអង់គ្លេស ស្តីពីលទ្ធភាពធ្វើពាណិជ្ជកម្មសេរី ក្រោយដំណើរការ Brexit ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Zhong Shan និងរដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox បានជួបគ្នានៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីជំរុញវិនិយោគទ្វេភាគី ក៏ដូចជាពង្រីកទំនាក់ទំនងពាណិជ្ជកម្មទៅលើទីផ្សារសេវាកម្មរួមគ្នា ព្រមទាំងវិស័យផ្សេងៗទៀត សម្រាប់ជាកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកច្បាប់ និងនីតិវិធី ដើម្បីភាពងាយស្រួល ក្នុងការទទួលបានទិដ្ឋាការការងារ។
ប្រភពដដែល បានបន្ថែមថា រដ្ឋមន្រ្តីទាំងពីររូប ក៏ស្វែងយល់យ៉ាងសកម្ម អំពីលទ្ធភាពនៃការពិភាក្សាគ្នា ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពូល ៗ រវាងប្រទេសទាំងពីរផងដែរ បន្ទាប់ពីដំណើរការ Brexit បើទោះបីពេលនេះ មិនទាន់មានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចាមួយនេះក៏ដោយ។
យ៉ាងណាមិញកិច្ចចរចាជាផ្លូវការ សម្រាប់ប្រទេសទាំងពីរ ត្រូវបានគេរំពឹងទុកថា មិនទាន់អាចចាប់ផ្តើមបានទ្បើយ ដោយត្រូវរងចាំរហូតដល់ទាល់តែដំណើរ Brexit របស់ចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ៕
មតិយោបល់