ព័ត៌មានអន្តរជាតិ

បាតុកររាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការវាយលុក នៅភាគពាយ័ព្យស៊ីរី

ស៊ីរីៈ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាដើរហែរជាក្បួន តាមដងផ្លូវឆ្លងកាត់តំបន់កាន់កាប់ដោយពួកឧទ្ទាមដ៏រឹងមាំ ចុងក្រោយរបស់ប្រទេសស៊ីរី ដើម្បីតវ៉ាប្រឆាំងនឹងការវាយលុករបស់កម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធមិត្តរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមសកម្មជន UN បានប្រាប់ភ្នាក់ងារ Aljazeera ថា បាតុកម្មដែលបានធ្វើទ្បើងកាលពីថ្ងៃសុក្រ នៅទីប្រជុំជន និងភូមិនានាចំនួនជាង ២០ ក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី គឺមានការចូលរួមពីប្រជាជនជាង ៣លាននាក់។

ដោយវាបានកើតទ្បើងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយពួកសកម្មប្រយុទ្ធអ៊ីរ៉ង់ និងរុស្ស៊ី បានប្រមូលផ្ដុំកម្លាំងក្បែរតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅខេត្ត Idlib និងភាគខាងជើងខេត្ត Hama ធ្វើការគំរាមកំហែងវាយលុកទ្រង់ទ្រាយធំលើទីតាំងនោះ ដែលអាចបង្កឲ្យមានការបង្ហូរឈាមយ៉ាងធ្ងន់ធ្ងរ។

សូមជំរាបថា នៅដើមខែកញ្ញានេះ កងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចាប់ផ្តើមយុទ្ធនាការវាយប្រហារដ៏ខ្លាំងក្លា តាមអាកាស ជាមួយការទម្លាក់គ្រាប់បែកទៅលើទឹកដី ដែលកាន់កាប់ដោយពួកឧទ្ទាម៕

មតិយោបល់