រុស្ស៊ីៈ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រកាសថា ក្រុងម៉ូស្គូបានបញ្ចប់ការដឹកជញ្ជូនប្រព័ន្ធការពារអាកាស S-300 ចំនួន ៤៩ គ្រឿងទៅកាន់ស៊ីរីហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
ការសម្រេចចិត្តបញ្ជូនប្រព័ន្ធនេះ គឺដើម្បីលើកកម្ពស់ផ្នែកសន្តិសុខរបស់កងទ័ពរុស្ស៊ីនៅឯមូលដ្ឋានក្នុងប្រទេសស៊ីរី បន្ទាប់ពីការធ្លាក់យន្តហោះយោធាធុន Il-20 ដោយចៃដន្យកាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅ។
ក្រសួងការពារប្រទេសរុស្ស៊ី បានបញ្ចេញវីដេអូទាក់ទងនឹងប្រព័ន្ធការពារអាកាស S-300 ដែលកំពុងដឹកជញ្ជូនទៅកាន់ប្រទេសស៊ីរី ពីយន្តហោះដឹកជញ្ជូន An-124 Ruslan ដោយវីដេអូនេះ ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រុស្ស៊ី Zvezda ។
ក្នុងនោះលោក Sergei Shoigu បានបញ្ជាក់ថា កងទ័ពស៊ីរី នឹងចំណាយរយៈពេល ៣ ខែទៀត ដើម្បីធ្វើការរៀនអំពីរបៀបប្រើប្រាស់ប្រព័ន្ធនេះ។
សូមជំរាបថា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងទៀតថា ក្រុងម៉ូស្គូនឹងចាត់វិធានការមួយចំនួន ដើម្បីបង្កើនសុវត្ថិភាពកងទ័ពខ្លួននៅក្នុងប្រទេសស៊ីរី រួមទាំងការចែកចាយប្រព័ន្ធ S-300 ផងដែរ៕
មតិយោបល់