ព័ត៌មានអន្តរជាតិ

មេដឹកនាំដ៏មានឥទ្ធិពលរបស់ហ្វីលីពីន សង្ស័យកើតជំងឺមហារីក ខណៈលោក កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបង្ហើបឲ្យដឹងអំពីបញ្ហាសុខភាព ខណៈដែលរូបលោក កំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តវេជ្ជសាស្រ្តនាពេលថ្មីៗ ដោយលោកបានលើកទ្បើងថា «ប្រសិនបើលទ្ធផលចេញមកថាខ្ញុំមានជំងឺមហារីក នោះខ្ញុំនឹងប្រាប់វាដល់អ្នក» ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក Duterte មានអាយុ ៧៣ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដែលមានវ័យចាស់មួយរូប បានជាប់ឆ្នោតជាប្រធានាធិបតី ដោយលោកត្រូវបានគេជឿថា មានបញ្ហាសុខភាពជាប្រចាំ ចាប់តាំងពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦ ។

នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី បាននិយាយថា លោកបានទទួលយកការវះកាត់ និងការឆ្លុះពោះវៀនធំ កាលពីបីសប្ដាហ៍មុន ប៉ុន្តែលោក ត្រូវបានណែនាំក្នុងសប្តាហ៍នេះ ដើម្បីធ្វើការធ្វើតេស្តម្តងទៀត។

ក្នុងនោះលោកបានអះអាងថា «ខ្ញុំមិនដឹងថា ខ្ញុំយ៉ាងម៉េចយ៉ាងណានោះទេ ព្រោះខ្ញុំត្រូវរង់ចាំលទ្ធផលសិន ប៉ុន្តែខ្ញុំនឹងប្រាប់អ្នករាល់គ្នា ប្រសិនបើការធ្វើតេស្តបញ្ជាក់ថា ខ្ញុំកើតជំងឺមហារីកនោះ»៕

មតិយោបល់