ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ​លាឈប់​ព្រោះតែរឿងខ្វែងគំនិត​គ្នា​ជាមួយ​លោក ត្រាំ​ ជុំវិញការដកទ័ពចេញពីស៊ីរី

អាមេរិកៈ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស បាន​និយាយកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​បាន​លាឈប់​ពីមុខ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ ក្រោយមានការ​ប៉ះទង្គិចគ្នា ​​ជាមួយ​ប្រធានាធិបតី​​ ជុំវិញ​គោលនយោបាយ​ការបរទេស​របស់លោក ​មួយថ្ងៃ​​បន្ទាប់ពី​លោក ត្រាំ បាន​ទាត់ចោល​បណ្តា​ទីប្រឹក្សា​ជាន់ខ្ពស់ ​ព្រមទាំងការសម្រេច​ដក​ទាហាន​អាមេរិក​​ចេញពី​ស៊ី​រីយ៉ាងទាន់ហន់ និងគួរឲ្យភ្ញាក់ផ្អើល​។​នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

ប្រភពពីសេតវិមាន បានឲ្យដឹងថា ​លោក​ ម៉ា​តទី​ស បានប្រកាស​ផែនការ​លាឈប់ភ្លាមៗ ​នៅក្នុងជំនួប​ផ្ទាល់​មុខមួយ ជា​មួយលោក ​ត្រាំ ​បន្ទាប់ពី​ពួកគេ​បានបង្ហាញ​ការខ្វែងគំនិត​គ្នា។

​ក្រសួងការពារជាតិ​ បានចេញ​លិខិត​របស់លោក ម៉ាតទីស ដែលបានសរសេរ​ថា លោក​មិន​យល់ស្រប​នឹង​គោលនយោបាយ​ឯកោ​និយម​របស់លោក​ ត្រាំ នោះទេ ដោយលោក ​​បាន​បញ្ជាក់ថា ​អាមេរិក​ត្រូវការ​រក្សា​សម្ពន្ធភាព​រឹងមាំ​ និង​បង្ហាញ​​ការគោរព​ចំពោះ​សម្ពន្ធមិត្ត​។

យ៉ាងណាមិញក្រោយ​ក្រសួងការពារជាតិ ​បញ្ចេញ​លិខិត​នេះ​ភ្លាម ត្រាំ​បាន​សរសេរ​សារតប​វិញ​ភ្លែត​ថា លោក​នឹង​តែងតាំង​មនុស្ស​ចូល​ជំនួស​តំណែង​នេះ ​ក្នុងពេល​ឆាប់ៗ​។

ក្នុងនោះលោក ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក ជី​ម ម៉ា​តទី​ស រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងចូលនិវត្តន៍ នៅចុងខែកុម្ភៈ៕

មតិយោបល់