ចិនៈ រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីក្រុងប៉េកាំង ត្រទ្បប់មកកាន់ទីក្រុងព្យុងយ៉ាងវិញហើយ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ទៅកាន់រដ្ឋធានីចិន។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង (KCNA) កាលពីថ្ងៃអង្គារ បានឲ្យដឹងថា លោក គីម បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន តាមរយ:រថភ្លើងពិសេសមួយ ត្រូវបានគេរាយការណ៍ថា បានឃើញឆ្លងកាត់ព្រំដែន។
ដោយក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំកូរ៉េខាងជើង ក៏មានអមដំណើរដោយភរិយារបស់លោក គឺលោកស្រី រី សូលជូ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានចាកចេញពីស្ថានីយ៍ក្រុងព្យុងយ៉ាង តាមរយ:រថភ្លើងឯកជនរបស់លោក កាលពីថ្ងៃច័ន្ទ។
សូមជំរាបថា ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក ស៊ី នៅចំពេលដែលមានការរំពឹងទុក អំពីជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០១៩នេះផងដែរ៕
មតិយោបល់