ព័ត៌មានអន្តរជាតិ

​មេដឹកនាំកូរ៉េខាងត្បូង ថាបំណងកូរ៉េខាងជើង ពិតជាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងមែន

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ពិតជាមានបំណង ដើម្បីសម្រេចបាននូវការលុបបំបាត់រាល់អាវុធនុយក្លេអ៊ែរ សមា្ភរ និងគ្រឿងបរិក្ខារពាក់ព័ន្ធទាំងអស់ប្រាកដមែន។ នេះបើយោងតាមសារព័ត៌មាន Channel News Asai ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។

លោក មូន បាននិយាយថា កូរ៉េខាងជើង និងអាមេរិក កំពុងស្ថិតក្នុងដំណើរការ ដើម្បីរៀបចំឲ្យមានកិច្ចប្រជុំកំពូលលើកទីពីរ រវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបានឆាប់រហ័ស មុននឹងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិរបស់អាមេរិកកន្លងផុតទៅ។

ដោយកិច្ចប្រជុំនេះ បានកើតទ្បើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ របស់លោក មូន នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីខែមុន ដោយលោក គីម បាននិយាយថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអញ្ជើញអ្នកជំនាញអន្តរជាតិ ដើម្បីមកពិនិត្យមើលការរុះរើទីតាំងមីស៊ីលមួយ ហើយក៏អាចឈានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោន មានសកម្មភាពព្រមព្រៀងគ្នាទៅវិញទៅមក ជាមួយក្រុងព្យុងយ៉ាង។

នៅក្នុងការសម្ភាសជាមួយ BBC លោក មូន បាននិយាយថា សកម្មភាពនោះ អាចរួមមានការបើកការិយាល័យ ទំនាក់ទំនងអាមេរិក នៅប្រទេសកូរ៉េខាងជើង ដែលជាជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរអ្នកជំនាញសេដ្ឋកិច្ចផងដែរ។

ដោយទ្បែកលោក ត្រាំ ក៏បាននិយាយកាលពីថ្ងៃអង្គារថា ជំនួបលើកទី២ ជាមួយលោក គីម នឹងត្រូវធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសភាអាមេរិក នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ៕

មតិយោបល់