ព័ត៌មានអន្តរជាតិ

តុលាការកំពូលវ៉េណេស៊ុយអេឡា រារាំងមេដឹកនាំគណបក្សប្រឆាំង ចាកចេញពីប្រទេស

វ៉េណេស៊ុយអេឡាៈ តុលាការកំពូលរបស់ប្រទេសវ៉េណេស៊ុយអេឡា បានហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó មិនឱ្យចាកចេញពីប្រទេស និងបានបង្កកគណនីធនាគាររបស់លោកផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ការផ្លាស់ប្តូរនេះ បានកើតឡើងចំពេលមានការតស៊ូដណ្តើមអំណាច បន្ទាប់ពីលោក Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន កាលពីសប្តាហ៍មុន។

លោក Guaido ត្រូវបានគាំទ្រដោយអាមេរិក និងបណ្តាប្រទេសដទៃទៀត។ ខណៈដែលតំណែងប្រធានាធិបតីវ៉េណេស៊ុយទ្បា បច្ចុប្បន្នលោក Nicolás Maduro មានការគាំទ្រពីសម្ព័ន្ធមិត្តធំៗ ជាក់ស្ដែងក៏មានទាំងរុស្ស៊ីផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមនៃបណ្តាប្រទេសនៅអាមេរិកខាងជើង និងខាងត្បូង ក៏បានធ្វើជំទាស់ផងដែរ ទាក់ទងនឹងការចូលរួមរបស់យោធាខាងក្រៅ ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេសមួយនេះ។ ខណៈមន្រ្តីអាមេរិក បាននិយាយថា ជម្រើសទាំងអស់ ដើម្បីដោះស្រាយវិបត្តិ គឺស្ថិតនៅលើតុចរចា។

សូមជំរាបថា វេណេស៊ុយអេឡា កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាការកើនឡើងនូវអំពើហិង្សក្នុងប្រទេស នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ៕

មតិយោបល់