ព័ត៌មានអន្តរជាតិ

ប្រមុខសន្តិសុខសេតវិមាន៖ ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ទទួលបានជោគជ័យ

អាមេរិកៈ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានច្រានចោលកាលពីថ្ងៃអាទិត្យថា ចំពោះការលើកទ្បើងពីភាពបរាជ័យ នៅក្នុងជំនួបកំពូល ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង កាលពីសប្តាហ៍មុន បើទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដោយដៃទទេក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

កិច្ចប្រជុំកំពូលលើកទីពីរ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលមានគោលដៅលើកិច្ចព្រមព្រៀង ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ បានបញ្ចប់ជាមួយភាពប្រេះឆា កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្មានសូម្បីតែសេចក្តីថ្លែងការណ៍រួមគ្នា។

លោក Bolton បានប្រាប់នៅក្នុងកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ថា ការបរាជ័យរបស់លោក ត្រាំ ក្នុងការទទួលបាននូវការសន្យាពីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញឃ្លាំងអាវុធនុយក្លេអ៊ែរ គួរតែត្រូវបានគេមើលឃើញថា ជាភាពជោគជ័យទៅវិញទេ ព្រោះវាជាអ្វីដែលប្រធានាធិបតី បានធ្វើវាទ្បើងដើម្បីការពារ និងជំរុញដល់ផលប្រយោជន៍ជាតិអាមេរិក។

ដោយលោក បានបញ្ជាក់ថា អ្វីដែលបញ្ហានោះ គឺស្ថិតនៅលើកូរ៉េខាងជើងប៉ុណ្ណោះ ថាតើនឹងទទួលយកអ្វី ដែលលោកប្រធានាធិបតីហៅថា ជាកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ឬមានអ្វីទៀតបន្ត។

ក្នុងនោះលោក Bolton បានបន្ថែមថា ប្រធានាធិបតី បានប្រកាន់ខ្ជាប់នូវជំហររបស់លោក ដោយលោក បានធ្វើឱ្យទំនាក់ទំនងអាមេរិក កាន់តែស៊ីជម្រៅជាមួយនឹងលោក គីម ជុងអ៊ុន ហើយលោក Bolton មិនចាត់ទុកទេថា កិច្ចប្រជុំនេះ ទទួលបរាជ័យ ខណៈផលប្រយោជន៍ជាតិអាមេរិក ត្រូវបានការពារនោះ៕

មតិយោបល់