រុស្ស៊ីៈ រដ្ឋាភិបាលរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វត្តមានយោធាខ្លួន ក្នុងប្រទេសវ៉េណេស៊ុយអេឡា គឺជាផ្នែកនៃកិច្ចព្រមព្រៀង ដោយបានច្រានចោលការដកទាហានចេញពីប្រទេស កំពុងជួបវិបត្តិមួយនេះ តបតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩។
សភាពការណ៍កាន់មានភាពតានតឹង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក កំពុងជំរុញឲ្យមានការផ្លាស់ប្តូររបបដឹកនាំ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ស្របពេលដែលរុស្ស៊ី បានបញ្ជូនទាហាន និងគ្រឿងបរិក្ខា កាលពីចុងសប្តាហ៍ ដើម្បីគាំទ្រលោកប្រធានាធិបតី នីគូឡាស ម៉ាឌូរ៉ូ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា វត្តមានទាហានរបស់ពួកគេ នៅទីនោះ មិនបានបង្កការគំរាមដល់នរណាម្នាក់នោះទេ ហើយវា អាចស្ថិតនៅយូរទៅតាមតម្រូវការ ដែលស្របតាមកិច្ចព្រមព្រៀង ក្នុងវិស័យយោធា និងកិច្ចសហការបច្ចេកទេសរវាងប្រទេសទាំងពីរប៉ុណ្ណោះ៕

មតិយោបល់