ព័ត៌មានអន្តរជាតិ

បាញ់ប្រហារនៅអាគារតុលាការអាមេរិក សម្លាប់មនុស្ស ៣នាក់

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា យ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបាញ់ប្រហារនៅអាគារតុលាការ តំបន់ប៊ឺរៀន ផ្លូវយ៉ូសែប ភាគនិរតីរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

អ្នកស្លាប់ពីរនាក់ជាអាជ្ញាសាលារបស់តុលាការ និងទីបី ជាអ្នកបាញ់ នេះបើតាមរបាយការណ៍ពី Detroit Free Press ដោយបានលើកឡើងថា អ្នកបាញ់ជាបុគ្គលិកម្នាក់នៅការិយាល័យព្រះរាជអាជ្ញា ក្នុងតំបន់ប៊ឺរៀន។

ប៉ូលិសរដ្ឋមីឈីហ្គេន បានបញ្ជាក់ពីការបាញ់ប្រហារនេះ ប៉ុន្តែមិនបានឲ្យដឹងចំនួនអ្នកស្លាប់ និងរបួសនោះទេ។

បើតាមបុគ្គលិកបានឲ្យដឹងថា អាគារតុលាការនេះ ត្រូវបានដាក់នៅក្រោមការហាមឃាត់មិនឲ្យបុគ្គលិកចេញ បន្ទាប់ពីការបាញ់នោះ ដោយទុកឲ្យបុគ្គលិកនៅក្នុងការិយាល័យរបស់ពួកគេ។

លោកអភិបាល Rick Snyder បាននិយាយនៅលើ Twitter ថា “MSP (ប៉ូលិសរដ្ឋមីឈីហ្គេន) បានធានាសុវត្ថិភាពកន្លែងកើតហេតុនៅឯតុលាការតំបន់ប៊ឺរៀន និងបានចាប់ផ្តើមស៊ើបអង្កេតរបស់ខ្លួន នៅកន្លែងបាញ់ប្រហារ ដែលបានកើតឡើងកាលពីថ្ងៃរសៀល”៕

មតិយោបល់