រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានអង្គុយជជែកពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយនិយាយថា កិច្ចប្រជុំកំពូលនេះ គួរតែជួយរៀបចំផែនការរួមគ្នា ដើម្បីដោះស្រាយភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅពេលចាប់ផ្តើមកិច្ចចរចា នៅឯកោះ Russky នៃទីក្រុង Vladivostok នៅថ្ងៃព្រហស្បតិ៍នេះ លោក ពូទីន បានសម្តែងទំនុកចិត្តថា ដំណើរទស្សនកិច្ចរបស់លោក គីម នឹងជួយឱ្យយល់ច្បាស់អំពី អ្វីដែលត្រូវធ្វើ ដើម្បីដោះស្រាយស្ថានការណ៍ នៅលើឧបទ្វីបកូរ៉េ រួមទាំងអ្វីដែលពួកគេ អាចធ្វើការរួមគ្នា។
ដោយលោក បានបញ្ជាក់ថា «ប្រទេសរុស្ស៊ី អាចធ្វើរឿងនេះទៅបាន ដើម្បីគាំទ្រដល់ដំណើរការវិជ្ជមាន ដែលនឹងកើតឡើងនាពេលបច្ចុប្បន្ននេះ»។
សូមជំរាបថា សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រទេសទាំងពីរ មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹងថា កំពុងស្វែងរកការគាំទ្រពីរុស្ស៊ី ចំពោះការប្រឈមមុខដាក់គ្នា ទៅលើបញ្ហានុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ជាមួយអាមេរិក៕
មតិយោបល់