ព័ត៌មានអន្តរជាតិ

កាន់តែមានភាពតានតឹង រវាងអាមេរិក និងរុស្ស៊ី ជុំវិញការប្រឈមមុខដាក់គ្នា នៅវ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡាៈ សហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្វើការព្រមានប្រឆាំងដាក់គ្នា ជុំវិញការជ្រៀតជ្រែក នៅវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានចោទប្រកាន់ក្រុងម៉ូស្គូថា បានបញ្ឈប់ដំណើរចាកចេញពីប្រទេស របស់ប្រធានាធិបតី លោក នីកូឡា ម៉ាឌូរ៉ូ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។

ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ លោក Pompeo តាមរយៈទូរស័ព្ទថា «ជំហានឈ្លានពានរបស់អាមេរិក នៅវ៉េណេស៊ុយអេឡា នឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ»។

ដោយលោក បានគូសបញ្ជាក់ថា «ការជ្រៀតជ្រែក នៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋ ដែលមានអធិបតេយ្យភាព រួមទាំងការគំរាមកំហែងដល់ការដឹកនាំរបស់ក្រុងវ៉ាស៊ីនតោន គឺជាការរំលោភបំពានយ៉ាងជាក់ស្តែង នៃច្បាប់អន្តរជាតិ»។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Pompeo បានជំរុញ ក៏ដូចជាអំពាវនាវឲ្យរុស្ស៊ី បញ្ឈប់ការគាំទ្រដល់លោក ម៉ាឌូរ៉ូ។ ដោយលោក បានសង្កត់ធ្ងន់ថា ការធ្វើអន្តរាគមន៍របស់រុស្ស៊ី និងគុយបា កំពុងធ្វើឱ្យអស្ថិរភាព សម្រាប់វ៉េណេស៊ុយអេឡា និងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី៕

មតិយោបល់