ព័ត៌មានអន្តរជាតិ

កាន់តែទ្បើងកម្ដៅទៀតហើយ! កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ខណៈអាមេរិក រឹបអូសនាវា

កូរ៉េៈ ក្រុងព្យុងយ៉ាង បានបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការសាកល្បងលើកទី ២ របស់ខ្លួនក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីអាមេរិក បាននិយាយថា ខ្លួនបានរឹបអូសនាវាផ្ទុកទំនិញរបស់កូរ៉េខាងជើង ខណៈភាពតានតឹង បានកើនឡើងជាថ្មីម្តងទៀត រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asias ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គ្មាននរណាម្នាក់សប្បាយចិត្ត នៅការបាញ់បង្ហោះនោះទេ ប៉ុន្តែរដ្ឋាភិបាលខ្លួន នៅតែមានការបើកទ្វារចំហ សម្រាប់កិច្ចចរចាបន្ថែមទៀត ជាមួយកូរ៉េខាងជើង។

ពាក់ព័ន្ធនឹងករណីនេះ កូរ៉េខាងត្បូង បាននិយាយថា ការធ្វើតេស្តនេះ ធ្វើឲ្យមានការព្រួយបារម្ភខ្លាំង ហើយវាក៏មិនអាចជួយអ្វីបានទ្បើយ ទំនងជាក្រុងព្រុងយ៉ាង ចង់តវ៉ាប្រឆាំងនឹងលោក ត្រាំ ដែលបដិសេធការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសពួកគេ បន្ទាប់ពីការបរាជ័យ ក្នុងកិច្ចប្រជុំកំពូលមួយ នៅឯទីក្រុងហាណូយ កាលពីខែកុម្ភៈកន្លងទៅ។

សូមជំរាបថា អាមេរិក មិនបានផ្តល់សញ្ញាណាមួយនៃឆន្ទៈ ក្នុងការផ្លាស់ប្តូរទណ្ឌកម្មនោះទេ ហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសពីការរឹបអូសនាវាដឹកទំនិញ របស់កូរ៉េខាងជើង ដែលក្រុងវ៉ាស៊ីនតោន បាននិយាយថា ការរឹបអូសនេះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនធ្យូងថ្ម ខុសច្បាប់៕

មតិយោបល់