ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ចង់ឲ្យមានចំណងមិត្តភាពពេញលេញទ្បើងវិញ រវាងអាមេរិក និងរុស្ស៊ី

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកចង់ស្ដារទំនាក់ទំនងឲ្យបានពេញលេង ជាមួយអាមេរិកឡើងវិញ ហើយជឿជាក់ថា សមភាគីអាមេរិក លោក ដូណាល់ ត្រាំ ក៏មានបំណងបែបនេះដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

កាលពីថ្ងៃអង្គារ លោក ពូទីន បានប្រាប់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថា រូបលោក បានឈានដល់ការសន្និដ្ឋានបែបនេះ បន្ទាប់ពីបានទូរស័ព្ទជួប ជាមួយលោក ត្រាំ កាលពីប៉ុន្មានថ្ងៃមុននេះ។

ដោយប្រធានាធិបតីរុស្ស៊ី បាននិយាយនៅមុនជំនួបមួយ ជាមួយលោក Pompeo ថា ប្រទេសរបស់លោក (រុស្ស៊ី) មិនបានជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិកនោះទេ។

ខណៈកាលពីពេលថ្មីៗនេះ លោក Pompeo ទើបបានជួបរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov នៅរមណីយដ្ឋាន Sochi នៃសមុទ្រខ្មៅរុស្ស៊ី ដោយក្ដីសង្ឃឹមនោះ គឺដើម្បីស្វែងរកមូលដ្ឋានរួមមួយ ពាក់ព័ន្ធនឹងបញ្ហាយុទ្ធសាស្ត្រលើប្រទេសអ៊ីរ៉ង់ ស៊ីរី អ៊ុយក្រែន និងវេណេហ្ស៊ុយអេឡា៕

មតិយោបល់